(ឡុងដ៍)៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហាធៀ ម៉ូហាម៉េដ (Mahathir Mohamad) បាននិយាយថា ជនពុករលួយទាំងអស់​ត្រូវតែទទួលការ​កាត់ទោស ប៉ុន្តែទន្ទឹមគ្នា​លោកមិនរំពឹងឡើយ​ថា ម៉ាឡេស៊ី​អាចនឹងមានច្បាប់​ដាក់ពន្ធនាគារអស់​មួយជីវិត ឬកាត់ទោសប្រហារ​ជីវិតលើមេដឹកនាំ ពុករលួយ​នោះឡើយ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

លោក Mohamad បានលើក​ឡើងយ៉ាងដូច្នេះថា «ជនពុករលួយ​ទាំងអស់​ត្រូវតែទទួលការ​កាត់ទោស ហើយរយៈពេល​ដែលពួកគេត្រូវ​ទទួលទោស គឺអាស្រ័យលើ​ទំហំនៃអំពើពុករលួយ ពោលគឺខ្ញុំគិតថា អំពើពុករលួយធ្ងន់ធ្ងរ​ត្រូវតែទទួលទោស​ធ្ងន់ធ្ងរ ហើយស្រាលត្រូវ តែទទួល​កម្រិតស្រាល។ ក៏ប៉ុន្តែ​ខ្ញុំមិនគិតឡើយថា ម៉ាឡេស៊ីអាចនឹង​មាន​ច្បាប់ដាក់ពន្ធនាគារ​អស់មួយជីវិត ឬកាត់​ទោសប្រហារ​ជីវិត​លើមេដឹកនាំ​ពុករលួយ»។

គួរជម្រាបថា ការលើកឡើង​ខាងលើរបស់​លោក Mahathir Mohamad ធ្វើឡើងជា​ការឆ្លើយតបនឹង​សំណួមួយថា តើលោកគាំទ្រ​ឱ្យមានការកាត់ទោស​ប្រហារជីវិត លើមេដឹក​នាំពុករលួយ​ដែរឬទេ? បន្ទាប់ពីលោក​ថ្លែងសុន្ទរកថា​មួយ ស្ដីពីអភិបាល​កិច្ចល្អ​នៅឯ​មជ្ឈមណ្ឌល Oxford សម្រាប់ការ​សិក្សាពីអ៊ីស្លាម​ក្នុងទីក្រុង​ឡុងដ៍ ប្រទេសអង់គ្លេស​នៅថ្ងៃចន្ទ​សប្ដាហ៍នេះ (ម៉ោងនៅ​ក្នុងតំបន់)៕