(តេហេរ៉ង់)៖ បន្ទាប់ពីទទួលរង​ការវាយប្រហារ​យ៉ាងដំណំ ពីសំណាក់​ក្រុមភេរវករ​ទៅលើក្បួនព្យុហយាត្រាយោធាមួយ នៃភាគខាងលិច​ប្រទេសនោះ កងកម្លាំង​ពិសេស​អ៊ីរ៉ង់បានធ្វើ​ការស៊ើបអង្កេត និងចាប់បាន​ជនសង្ស័យជាក្រុមភេរវករ​ពាក់ព័ន្ធ​មួយចំនួន​ទៀត បន្ទាប់ពីការចាប់បាន​ជនសង្ស័យពីរនាក់ភ្លាមៗ​ក្រោយពេល​ហេតុការណ៍​ដ៏រន្ធត់​នោះផ្ទុះឡើង កាលពីថ្ងៃសៅរ៍​សប្តាហ៍មុន។ នេះបើតាម​ការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាច​ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។

ជុំវិញបញ្ហា​ខាងលើនេះ លោក Mahmoud Alawi ជារដ្ឋមន្ត្រី​ស៊ើបការណ៍សម្ងាត់​នៃប្រទេសអ៊ីរ៉ង់​បានថ្លែងយ៉ាងដូច្នេះថា «យើងត្រូវរក​យុត្តិធម៌ ដោយចាប់​ខ្លួនភេរវករ​ពាក់ព័ន្ធមិនឲ្យសល់​ម្នាក់នោះឡើយ។ ជនសង្ស័យ​ដែលពាក់ព័ន្ធក្នុងអំពើ​ភេរវកម្មនេះ ត្រូវបាន​ចាប់ និងឃុំខ្លួនមួយ​ចំនួនរួចទៅ​ហើយ ដោយ​កម្លាំងសន្តិសុខ​របស់យើង...»

គួរបញ្ជាក់ថា អ៊ីរ៉ង់បានទទួល​រងគ្រោះដោយអំពើ​ភេរវកម្មមួយ ដោយក្រុមខ្មាន់​កាំភ្លើង​មានគ្នា ០៤នាក់ បានបង្កការបាញ់​រះលើក្បួនព្យុហយាត្រា​យោធា នៅក្នុងទីក្រុងអាវ៉ាស​ ភាគខាងលិចប្រទេស បានបណ្តាលឲ្យ​មនុស្ស ២៥នាក់ស្លាប់ និង​ជាង ៦០នាក់របួស ដែលភាគច្រើន​ជាមន្ត្រីយោធា ហើយ​ក៏មានស្ត្រី និងកុមារនៅក្នុង​នោះផងដែរ។ ភ្លាមៗក្រុម​ភេរវករមួយ ដែល​អ៊ីរ៉ង់ចោទថា ជាក្រុមគាំទ្រ​ដោយប្រទេស​អារ៉ាប៊ីសាអូឌីត បានចេញមុខ​អះអាងថា ពួកគេជាអ្នកស្ថិត​នៅពីក្រោយអំពើ​ភេរវកម្មនេះ៕