(ភ្នំពេញ)៖ តារាចម្រៀងអាយ៉ៃជើងចាស់ ដែលធ្លាប់តែបង្កសំណើចក្អាកក្អាយ តាមរយៈការច្រៀងចម្រៀងអាយ៉ៃនៅលើឆាកតន្ត្រីនានា លោក ព្រហ្ម ម៉ាញ បានទទួលតំណែងជាតួឯកសម្ដែង ក្នុងភាពយន្តលើកដំបូងមានចំណងជើងថា «លោកគ្រូប្រពន្ធល្អ» ខណៈដែលកន្លងមករូបលោក ពុំដែលបានការសម្ដែងជាតួឯកក្នុងភាពយន្តណាមួយឡើយ។

ទោះបីជាភាពយន្តនេះ ជារឿងដំបូងរបស់លោក ព្រហ្ម ម៉ាញ ប៉ុន្តែទេពកោសល្យនៃការសម្ដែងរបស់លោក  ត្រូវបានអ្នកទស្សនារឿង «លោកគ្រូប្រពន្ធល្អ» បានលាន់មាត់សរសើរគ្រប់ៗគ្នា បន្ទាប់ពីបានចូលរួមទស្សនារឿងនេះជាលើកដំបូង។ ថ្វីដ្បិតតែរឿង «លោកគ្រូប្រពន្ធល្អ» មិនទាន់ដាក់បញ្ចាំងជាផ្លូវការក្តី ប៉ុន្តែខាងម្ចាស់ផលិតកម្មបានរៀបចំកម្មវិធី Surprise Fan កាលពីពេលថ្មីៗនេះ ដោយបានអញ្ជើញអ្នកគាំទ្រប្រមាណជាង ២០០នាក់ ចូលទស្សនារឿងនេះដំបូងគេ ហើយជាលទ្ធផលទទួលបាននូវការគាំទ្រខ្លាំង ពីសំណាក់អ្នកចូលរួម ជាពិសេសម្នាក់ៗបានសរសើរ ពីស្នាដៃសម្តែងរបស់លោក ព្រហ្មម៉ាញ គ្រប់ៗគ្នា។

រឿង «លោកគ្រូប្រពន្ធល្អ» ចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរូប ដូចជាលោក ព្រហ្ម ម៉ាញ, លោក ទេព រិនដារ៉ូ, អ្នកនាង គ្រត និងតារាវ័យក្មេងជាច្រើនរូបទៀត។ ប៉ុន្តែវត្តមានរបស់អ្នកអាយ៉ៃល្បីឈ្មោះរូបនេះ បានធ្វើឲ្យអ្នកទស្សនាជាច្រើនចាប់អារម្មណ៍ ជាក់ស្តែងគ្រាន់តែទស្សនាត្រេល័ររឿងនេះ ធ្វើឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំមើលគ្រប់ៗគ្នា។

ជួបជាមួយអ្នកគាំទ្រនៅក្នុងថ្ងៃ Surprise Fan រឿង «លោកគ្រូប្រពន្ធល្អ» នៅផ្សារទំនើបអេអន២ កាលពីពេលថ្មីៗនេះ អ្នកគាំទ្រជាច្រើនបានបង្ហាញនូវអារម្មណ៍រីករាយ បន្ទាប់ពីទស្សនារឿង «លោកគ្រូប្រពន្ធល្អ» រួច ហើយម្នាក់ៗបានសរសើរពីស្នាដៃសម្តែងរបស់លោក ព្រហ្ម ម៉ាញ មិនដាច់ពីមាត់។

សូមបញ្ជាក់ថា «លោកគ្រូប្រពន្ធល្អ» គឺជាភាពយន្តថ្មីមួយ ដែលមានការចូលរួមសហការរវាង ២ ផលិតកម្មចូលគ្នា គឺផលិតកម្ម ដើមត្នោត របស់លោក ឆាយ បូរ៉ា និងផលិតកម្ម កងចក្រ។ ទស្សនិកជនចង់ដឹងច្បាស់ថា លោក ព្រហ្ម ម៉ាញ សម្តែងក្នុងរឿងនេះល្អយ៉ាងណានោះ កុំភ្លេចទៅទស្សនាទាំងអស់គ្នា នៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ០៥ ខែ តុលា ខាងមុខនេះ។

នៅថ្ងៃទី ០៣ ខែ តុលា ខាងមុខនេះខាងផលិតកម្ម កងចក្រ ក៏ត្រៀមនឹងរៀបចំពិធីសម្ពោធដំណើរការរឿង «លោកគ្រូប្រពន្ធល្អ» ជាផ្លូវការផងដែរ ដោយត្រៀមអញ្ជើញសិល្បករជាច្រើនចូលរួមអបអរសាទរ៕