(បរទេស)៖ ថ្មីៗនេះ YouTube កំពុងសាកល្បងមុខងារថ្មីមួយនៅលើកម្មវិធីស្មាតហ្វូន ជាមួយនឹងអតិថិជនពិសេសរបស់ខ្លួន ដែលអនុញ្ញាតឱ្យពួកគេអាចពង្រីក «Zoom Video» ផ្នែកណាមួយក្នុងវីដេអូបាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។

យោងតាមការចេញផ្សាយរបស់ YouTube បានឱ្យដឹងថាមុខងារ Zoom Video នេះកំពុងតែស្ថិតនៅក្នុងការសាកល្បងរហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ដោយប្រើរយៈពេលមួយខែ ដើម្បីប្រមូលមតិអ្នកប្រើប្រាស់ និងកែលម្អចំណុចខ្វះខាតមួយចំនួនមុនពេលដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

គួរបញ្ជាក់ដែរថា មុខងារសាកល្បងនេះអាចប្រើបានតែនៅលើ App YouTube សម្រាប់អ្នកប្រើប្រាស់ដែលបង់ប្រាក់ «Premium Account» នៅលើប្រព័ន្ធប្រតិបត្តិការ Android តែប៉ុណ្ណោះ ហើយលើសពីនេះទៅទៀតនៅពេលដែលមុខងារនេះដាក់ឱ្យដំណើរការជាផ្លូវការនោះ វានឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច Zoom បានរហូតដល់ទៅ 8x ឯណោះ៕