(ភ្នំពេញ)៖ មជ្ឈមណ្ឌល LIXIN CEO Center បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារការិយាល័យឆ្លាតវៃកម្រិត ៦A ដំបូងគេក្នុងរាជធានីភ្នំពេញ អមជាមួយនឹងការធ្វើ បទបង្ហាញក្នុងភាពជាដៃគូថ្មីមួយក្រោមប្រធានបទ «រួមគ្នាកសាងសម័យកាលឈ្នះ-ឈ្នះ និងនវានុវត្ដន៍ភាព» ដែលបានរៀបចំធ្វើឡើងនៅក្នុងសាលមណ្ឌលផ្នែកលក់ នៅ អគារការិយាល័យឆ្លាតវៃកម្រិត ៦A។

ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមវត្តមានលោក Kevin Hsu នាយកប្រតិបត្តិក្រុមហ៊ុន LIXIN Group លោក David Pei នាយកផ្នែកលក់នៃ LIXIN CEO Center ដៃគូសហការ អ្នកជំនាញពីវិស័យនានា រួមទាំងមាននូវកម្មវិធីសិល្បៈដ៏អស្ចារ្យមួយដែលតាំងបង្ហាញ អំពីគំនូរ សិល្បៈបែបស្ទីលល្អឆើត ដែលរួមសហការគ្នាបង្កើតឡើងដោយ LIXIN CEO Center និងលោក ព្រហ្ម ពន្លឺ ដែលជាសិល្បករថ្មីនៅភ្នំពេញ។

លើកឡើងនាឱកាសនោះ លោក Kevin Hsu បានថ្លែងថា LIXIN Group មានវត្តមានជាប់ជានិច្ចក្នុងប្រទេសកម្ពុជាអស់រយៈពេល ៩ ឆ្នាំមកហើយ ជាមួយនឹងការ អភិវឌ្ឍគម្រោងធំៗរបស់ក្រុមហ៊ុន ហើយក៏នៅតែបន្តការប្តេជ្ញាចិត្តរក្សាគុណភាព និងគ្រប់ទិដ្ឋភាពនៃផលិតផលខ្លួនឥតងាករេរឡើយ ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់កម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសគឺរាជធានីភ្នំពេញដែលកំពុងផ្លាស់ប្តូរមុខមាត់ជារៀងរាល់ថ្ងៃ។

លោក Kevin Hsu បានឱ្យដឹងទៀតថា ជាមួយនឹងការងើបឡើងវិញនៃទីផ្សារសហគ្រាសបរទេស កាន់តែច្រើនក៏ចាប់មានវត្តមានចូលមកកម្ពុជា អគារការិយាល័យ ឆ្លាតវៃកម្រិត ៦A ដែលដាក់ឲ្យដំណើរការដោយ CEO ក៏នឹងចាក់បញ្ចូលកម្លាំងចលករថ្មី ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានោះ លោក David Pei នាយកផ្នែកលក់នៃ LIXIN CEO Center បានធ្វើការរាយការណ៍លម្អិត ដោយពន្យល់ពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារ អគារការិយាល័យ ទាំងមូល រួមមាន និន្នាការវិនិយោគនៅកម្ពុជា និងទីផ្សារការិយាល័យភ្នំពេញ។ ព្រមទាំងផ្តល់ការបកស្រាយលក្ខណទូលំទូលាយ ពីគ្រប់ទិដ្ឋភាពនៃគម្រោងដូចជា៖ ម៉ាក ទីតាំងគម្រោង គ្រឿងបរិក្ខារ សេវាគាំទ្រផ្នែកពាណិជ្ជកម្ម និងការគ្រប់គ្រងសេវាកម្ម ដើម្បីឆ្លុះបញ្ចាំងអំពីតម្លៃនៃអគារនេះផងដែរ។

នៅចុងបញ្ចប់នៃកម្មវិធី ថ្នាក់ដឹកនាំក៏បានចូលទៅទស្សនាទីតាំងពិពណ៌គំនូរ ហើយបានរួមគ្នាបន្ថែមគំនូសលើផ្ទាំងគំនូរដ៏ស្រស់ឆើតឆាយ ដែលជានិមិត្តរូប នៃកិច្ចខិតខំប្រឹងប្រែង រួមគ្នារបស់ LIXIN Group និងដៃគូសហការ និងបានជូនពរឲ្យគម្រោងនេះសម្រេចជោគជ័យ និងនាំមកនូវរលកតម្រូវការ អគារការិយាល័យ ក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ដែរថា បន្ទាប់ពីបិទបញ្ចប់កម្មវិធីនេះ ភ្ញៀវកិត្តិយសទាំងអស់ក៏បានចូលទស្សនាមជ្ឈមណ្ឌល LIXIN CEO Center និងបានសរសើរ មិនដាច់ពីមាត់នូវគុណភាពសំណង់របស់គម្រោងនេះផងដែរ៕