(ភ្នំពេញ)៖ រីសត កោះស្លាកែតស្ទូឌីយោ បាននាំមកនូវផ្ទាំងទស្សនីយភាពធម្មជាតិថ្មីប្លែកមួយបែបទៀតហើយ ដែលជាកន្លែងសម្រាកកំសាន្ត និងផ្តិតយករូបភាព អនុស្សាវរីយ៍ដែលមិនចេះជិនណាយសម្រាប់ភ្ញៀវទេសចរ ក៏ដូចជាសម្រាប់គូស្វាមីភរិយាថ្មី ចង់ចំណាយពេលដ៏មានតម្លៃរបស់ខ្លួនទៅស្រូបយកខ្យល់អាកាសដ៏សែនស្រស់ស្រាយ ក៏ដូចជាផ្ទាំងទស្សនីយភាពធម្មជាតិដ៏ស្រស់បំព្រងតាមបែបស្រុកស្រែចំការ។

ស្ថិតនៅក្នុងថ្ងៃចាប់ផ្តើមបើកទទួលភ្ញៀវទេសចរណ៍នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ លោកស្រី ច័ន្ទ ដាវី អគ្គនាយិកាក្រុមហ៊ុន ដាវីត្រា គ្រុប និងជាម្ចាស់ រីសត កោះស្លាកែត ស្ទូឌីយោ បានឱ្យដឹងថា រីសត កោះស្លាកែត ស្ទូឌីយោ បានសង់លើផ្ទៃដី ១៣ហិចតា ដែលមានដើមឈើតូចធំ ដុះត្រសុំត្រសាយ ត្រឈឹងត្រឈៃ ហ៊ុមព័ទ្ធអាងហែលទឹកដ៏ធំល្វីងល្វើយ និងផ្ទះលំហែរបែបសហសម័យ ចម្រុះពណ៍យ៉ាងស្រស់ឆើតឆាយ ព្រមទាំងមានឡានបុរាណ ត្រីចក្រយានយន្តស៊ីក្លូ សម្រាប់ជិះ ថតរូបតាមសួនច្បារ ពណ៌ខៀវស្រងាត់ ដែលពិតជាទីឋានមនោរម្យមួយសម្រាប់ភ្ញៀវទេសចរ។

លោកស្រី ច័ន្ទ ដាវី បានបន្ថែមថា កោះស្លាកែត ស្ទូឌីយោ ប្រៀបបាននឹងកន្លែងទេសចរវប្បធម៍ដ៏មនោរម្យមួយ ជាមួយនឹងការរំលេចការរៀបចំជាមួយនឹងប្រពៃណី ទំលៀមទំលាប់ខ្មែរ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ និងជាកន្លែងសំរាកលំហែកាយដែលរំលេចទៅដោយវប្បធម៌ និងធម្មជាតិសំរាប់អ្នកដែលធ្វើដំណើរកំសាន្តវិលល្ងាច ដែលមិនចង់ចំណាយពេលវេលាយូរ ដោយគ្រាន់តែធ្វើដំណើររយៈពេល១ម៉ោង ចេញក្រៅក្រុងបន្តិច ក៏បានមកលេងកំសាន្តនៅទីកន្លែងដែលមានទេសភាពស្រុកចំការ និងអាកាសធាតុដូចនៅតាមបណ្ដាខេត្តផងដែរ។

លោកស្រី ច័ន្ទ ដាវី បានអះអាងទៀតថា កោះស្លាកែត ស្ទូឌីយោ ក្រៅពីការមានទេសភាពដ៏ល្អឥតខ្ចោះ និងជាទីសែនមនោរម្យសម្រាប់ភ្ញៀវទេសចរហើយនោះ ក៏មានជា ម៉ាត កន្លែងញ៉ាំអាហារ ហាងកាហ្វេប្រេន ដែលមានទីធ្លាធំទូលាយភ្ជាប់គ្នានឹងអាងហែលទឹកទំនើប និងមានផ្ទះលំហែ ដែលសាងសង់បែបរចនាបថខ្មែរផ្នែកខាងក្រៅ និងផ្នែកខាងក្នុងតុបតែងជាលក្ខណៈទំនើបទាន់សម័យតាមបែបរចនាបថបរទេសដូចជា៖ ប្រទេសថៃ ជប៉ុន អាមេរិក និងឈីក (ម៉ូរ៉ុកកូ)ផងដែរ។

សូមជម្រាបដែរថា រីសត កោះស្លាកែត ស្ទូឌីយោ ក្រៅពីមានទេសភាពដ៏ស្រស់ស្អាតហើយនោះ អ្វីដែលពិសេសបំផុតនោះ គឺបានសង់ផ្ទះខ្មែរដ៏ប្រណិតមួយ តាមរចនាបថខ្មែរទាំងស្រុង ទាំងខាងក្នុងនិងខាងក្រៅ ដែលបានដាក់ឈ្មោះថា «ភូមិគ្រឹះល្វែងច័ន្ទ» ដែលជាទីកន្លែងសំរាប់រៀបចំពិធីប្រពៃណីផ្សេងៗ ដែលសក្ដិសម ជាពិសេស ជាមួយនឹងកម្មវិធីថតរូបមង្គលការ និងឈុតសំលៀកបំពាក់ប្រពៃណីបុរាណខ្មែរ។

ក្រៅពីនេះ កោះស្លាកែត ស្ទូឌីយោ ក៏មានទេសភាពដ៏សែនមនោរម្យប្លែកជាលក្ខណៈស្រុកចំការ ដែលអមដោយដើមឈើរុក្ខជាតិតូចធំ ជីវៈចំរុះតាមដងអូរ ស្រះឈូក និងបឹងដ៏ធំ ដែលអាចអុំទូកលេងកំសាន្តបានយ៉ាងសប្បាយ ត្រៀមស្វាគមន៍ទទួលភ្ញៀវ ដែលមានបំណងចង់មកទស្សនាកំសាន្ត ថតរូប និងវីដេអូមង្គលការ ឬ pre-wedding ជួបជុំក្រុមគ្រួសារនិងមិត្តភក្តិផងដែរ។

រីសត កោះស្លាកែតស្ទូឌីយោ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ចំងាយប្រហែល ៣គីឡូម៉ែត្រពី
កៀនស្វាយក្រៅ លេខទូរស័ព្ទ៖Telegram / What’s App +855 16 818 424 + 855 77 777 067 +855 96 8888 811 ៕