(សៀមរាប)៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ ឆ្នាំ២០២២ ដោយមានក្រុមបាល់ទាត់វ័យចាស់ ៤ប្រទេសចូលរួម សរុបចំនួន ១៥០នាក់ រួមមានម្ចាស់ផ្ទះកម្ពុជា ថៃ ឡាវ និងវៀតណាម។ ការប្រកួតធ្វើឡើងរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី០៤-០៧ ខែសីហា នៅកីឡដ្ឋានខេត្តសៀមរាប។

មកដល់ថ្ងៃនេះ គឺមានរយៈពេល ៣ថ្ងៃហើយ ដែលព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ បានដំណើរការប្រកួត ដែលរៀបចំក្នុងគោលបំណងបង្ហាញសក្តានុពលទេសចរណ៍ខេត្តសៀមរាប-អង្គរ ក្នុងដំណាក់កាលនៃការងើបឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ស្របតាមផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។

ម្យ៉ាងដើម្បីអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗសំបូរបែប តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិនៅបណ្តាប្រទេសតាមដងទន្លេមេគង្គ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់សៀមរាប-អង្គរ ជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកីឡាទេសចរណ៍ និងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិ និងអន្តរជាតិ ជាពិសេសចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍នៅកម្ពុជា ដើម្បីអបអរសាទរដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រមទាំងផ្សព្វផ្សាយ “កម្ពុជា៖ ព្រះរាជាណាចក្រកម្ពុជាអច្ឆរិយៈ” ផ្តល់ភាពកក់ក្តៅជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតង និងស្របតាមយុទ្ធសាស្ត្រផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឆ្នាំ២០២៣ “Visit Cambodia Year 2023”។

សម្រាប់ពិធីបើកការប្រកួត បានធ្វើឡើងក្រោមវត្តមានលោក តុប សុភ័ក តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC និងមានការចូលរួមពីលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយវត្តមានថ្នាក់ដឹកនាំ និងកីឡាករ នៃក្រុមនីមួយៗ ហើយក៏មានការចូលរួមទស្សនា និងអបអរសាទរពីសំណាក់សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនផងដែរ។

បន្ទាប់ពីធ្វើការបែងចែកពូល និងរូបមន្ដប្រកួតរួច សម្រាប់លទ្ធផលថ្ងៃទី០៤ ខែសីហា ប្រកួតទី១ ក្រុមវ័យចំណាស់ រដ្ឋបាលខេត្តសៀមរាប បានយកឈ្នះក្រុមវ័យចំណាស់ប្រទេសថៃ ៣-០។ ប្រកួតទី២ ក្រុមវ័យចំណាស់ប្រទេសឡាវ ប្រកួតចាញ់ក្រុមវ័យចំណាស់ប្រទេសវៀតណាម ៣-១។ រីឯលទ្ធផលប្រកួតទី៥ ខែសីហា ប្រកួតទី១ ក្រុមបាល់ទាត់វ័យចំណាស់កម្ពុជា ប្រកួតឈ្នះក្រុមវ័យចំណាស់ឡាវ ដោយលទ្ធផល ២-១ និងប្រកួតទី២ ក្រុមវ័យចំណាស់វៀតណាម ប្រកួតឈ្នះក្រុមវ័យចំណាស់ថៃ (ក្រុមទី១) ៣-០។

សម្រាប់កម្មវិធីប្រកួតបន្ទាប់នៅថ្ងៃទី០៦ ខែសីហានេះ រួមមានប្រកួតទី១ ក្រុមបាល់ទាត់វ័យចំណាស់វៀតណាម ប្រកួតជាមួយក្រុមវ័យចំណាស់ថៃ (ក្រុមទី៣), ប្រកួតទី២ ក្រុមវ័យចំណាស់កម្ពុជា ប្រកួតជាមួយក្រុមវ័យចំណាស់ថៃ (ក្រុមទី២), ប្រកួតទី៣ ក្រុមវ័យចំណាស់ថៃ (ក្រុមទី១) ប្រកួតជាមួយក្រុមវ័យចំណាស់ថៃ (ក្រុមទី៣) និងប្រកួតទី៤ ក្រុមវ័យចំណាស់ឡាវ ប្រកួតជាមួយក្រុមវ័យចំណាស់ថៃ (ក្រុមទី២)។ ចំណែកនៅថ្ងៃទី០៧ ខែសីហា គឺជាការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៥ រវាងក្រុមលេខ៣ ពូលA និងពូល B។ ប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមលេខ២ ពូល A និងពូល B និងប្រកួតដណ្ដើមជើងឯក រវាងក្រុមលេខ១ ពូល A និងពូល B៕