(រ៉ូម)៖ ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំលំដាប់ពិភពលោករបស់អាមេរិក Intel Corp កំពុងតែបោះទុនវិនិយោគខ្ទង់ ៥ពាន់លានដុល្លារនៅក្នុងប្រទេសអ៊ីតាលីដែលបង្ហាញពីការខិតជិតកិច្ចព្រមព្រៀងដំបូងមួយ ដើម្បីសាងសង់រោងចក្រវេចខ្ចប់ និងដំឡើងឧបករណ៍បន្ទះឈីបកម្រិតខ្ពស់នៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។

ការវិនិយោគររបស់ Intel នៅក្នុងប្រទេសអ៊ីតាលីគឺជាផ្នែកមួយនៃមហិច្ឆតាដ៏ធំបំផុត ដែលក្រុមហ៊ុននេះធ្លាប់បានប្រកាសពីដើមឆ្នាំថា ខ្លួនមានបំណងវិនិយោគសរុបប្រមាណ ៨៨ពាន់លានដុល្លារដើម្បីកសាងសមត្ថភាពផលិតបន្ទះឈីបនៅទូទាំងទ្វីបអឺរ៉ុប។ ខណៈ Intel ផ្ទាល់កំពុងតែខិតខំកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើការនាំចូលបន្ទះឈីបអាស៊ី រួមទាំងព្យាយាមបន្ថូរបន្ថយវិបត្តិផ្គត់ផ្គង់ដែលកំពុងតែប៉ះពាល់ដល់វិស័យផលិតរថយន្តជាខ្លាំង។

យោងតាមប្រភពដែលមិនបញ្ចេញឈ្មោះបាននិយាយថា រដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីលោក Mario Draghi កំពុងតែធ្វើការលើរឿនេះ ដើម្បីឱ្យកិច្ចព្រមព្រៀងនេះអាចដំណើរការទៅបាននៅចុងខែសីហានេះ មុនពេលការបោះឆ្នោតជាតិមកដល់ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ខាងមុខ។ លើសពីនេះទៅទៀតប្រភពក៏បានបញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលរ៉ូមបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់មូលនិធិដល់ទៅ ៤០ភាគរយនៃការវិនិយោគសរុបរបស់ Intel នៅក្នុងប្រទេសអ៊ីតាលី ដែលត្រូវបានគេរំពឹងថានឹងមានកំណើនកើនឡើងខ្ពស់ក្នុងរយៈពេលមួយ ដែលចាប់ផ្តើមពី ៥ពាន់លានដុល្លារដំបូង។

តែយ៉ាងណាសម្រាប់ទីតាំងជាក់លាក់ក្នុងការសាងសង់រោងចក្រវិញគេមិនទាន់បញ្ជាក់នោះទេថា នឹងជ្រើសរើសតំបន់ណានោះ ដោយគ្រាន់តែប្រភពមួយក្នុងចំណោមប្រភពខាងលើនេះលើកឡើងថា ទំនងជាត្រូវបានសាងសង់ឡើងនៅភាគខាងជើងនៃតំបន់ Piedmont និង Veneto៕