(ឡុងដ៍)៖ ក្លិបតោខៀវ Chelsea បានចុះហត្ថលេខានាំយកខ្សែការពារសញ្ជាតិអេស្ប៉ាញ Marc Cucurella មកពីក្លិបរួមលីគ Brighton & Hove Albion លើកិច្ចសន្យារយៈពេល ៦ឆ្នាំ។ នេះបើតាមក្លិបទាំងពីរដែលលេងនៅ Premier League បានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។

ព័ត៌មានលម្អិតស្តីពីហិរញ្ញវត្ថុមិនត្រូវបានគេបង្ហាញនោះទេ ប៉ុន្តែ Brighton បានលើកឡើងថា ក្លិបនឹងបានទទួលតម្លៃកំណត់ត្រាសម្រាប់ការផ្ទេរនេះ។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា ក្លិបទាំងពីរបានព្រមព្រៀងលើកិច្ចសន្យាមានតម្លៃរហូតដល់ ៦៣លានផោន (៧៦.៤៦លានដុល្លារ) សម្រាប់ការផ្ទេរកីឡាករវ័យ ២៤ឆ្នាំនេះ។

កីឡាករ Cucurella ដែលជាប់ ១លើកលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញនោះ បានចូលរួមជាមួយ Brighton ក្នុងឆ្នាំ២០២១ ដោយផ្លាស់មកពីក្លិប Getafe ដែលលេងនៅលីគ La Liga នៃប្រទេសកំណើត។

លោកបានបង្ហាញខ្លួន ៣៥ប្រកួតក្នុងលីគ សម្រាប់ក្លិបដែលដឹកនាំដោយអ្នកចាត់ការ Graham Potter ខណៈពួកគេបានបញ្ចប់នៅចំណាត់ថ្នាក់ទី៩ ក្នុងតារាងលីគកាលពីរដូវកាលមុន។

Cucurella បានក្លាយជាកីឡាករទី៣ ហើយដែលបានចុះកិច្ចសន្យាជាមួយ Chelsea បន្ទាប់ពីពួកគេបាននាំយកខ្សែការពារ Kalidou Koulibaly មកពីក្លិប Napoli និងខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling មកពីក្លិប Manchester City។

Chelsea ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ក្នុងលីគកាលពីរដូវកាលមុននោះ នឹងចាប់ផ្តើមយុទ្ធនាការថ្មីរបស់ពួកគេ ជាមួយនឹងការធ្វើដំណើរទៅជួបក្រុម Everton នៅថ្ងៃសៅរ៍នេះ៕