(បាសេឡូណា)៖ ក្លិប FC Barcelona បានបញ្ជាក់ថា ខ្សែបម្រើវ័យ ២២ឆ្នាំ Riqui Puig បានព្រមព្រៀងចូលរួមជាមួយក្លិប Los Angeles Galaxy ដែលលេងនៅលីគអាមេរិក MLS លើកិច្ចសន្យារយៈពេល ៣ឆ្នាំកន្លះ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។

ការផ្លាស់ប្តូរនេះបានធ្វើឲ្យមានការបញ្ចប់ទំនាក់ទំនងរយៈពេល ៨ឆ្នាំរបស់ខ្សែបម្រើរូបនេះជាមួយក្លិប ដែលលោកបានចូលរួម តាំងពីឆ្នាំ២០១៤។

Puig ត្រូវបានគេចាប់អារម្មណ៍ ក្នុងពេលលេងក្នុងក្រុមយុវជន និងនៅក្នុងក្រុមជម្រើសទី២ របស់ Barca ជាទីកន្លែងដែលោកបានបង្ហាញខ្លួន ៦៦ប្រកួត មុនពេលបង្ហាញខ្លួន ក្នុងក្រុមជម្រើសធំ ជាលើកដំបូង ក្នុងរដូវកាល២០១៨-១៩។

Barca កំពុងសំឡឹងមើល ក្នុងការផ្ទេរចេញនូវខ្សែប្រយុទ្ធ Martin Braithwaite នារដូវក្តៅនេះ ជាមួយនឹងក្លិប Celta Vigo ត្រូវបានគេរំពឹងថា នឹងក្លាយជាគោលដៅសម្រាប់ការផ្ទេរកីឡាករអន្តរជាតិដាណឺម៉ាករូបនេះ៕