(កូរ៉េ)៖ មួយសប្តាហ៍បន្ទាប់ពីក្រុមចម្រៀង BTS ប្រកាសថា ពួកគេនឹងផ្អាកសកម្មភាពជាក្រុម ដើម្បីផ្តោតលើគម្រោងផ្ទាល់ខ្លួននោះ ស្រាប់តែប្រធានសមាគមអ្នកចម្រៀងកូរ៉េ លោកស្រី Lee Ja-yeon ជំរុញឲ្យក្រុមចម្រៀងនេះពិចារណាឡើងវិញ ហើយព្រមទាំងបង្ហាញក្តីបារម្ភថាខ្លាចក្រុមនេះរំសាយជាដើម។ យ៉ាងណាមិញ ការបញ្ចេញមតិរបស់លោកស្រី បែរជាទទួលការរិះគន់មិនស្ទើរនោះទេ ពីហ្វេនៗរបស់ BTS។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។

តាមរយៈរបាយការណ៍មួយដែលបង្ហោះជាសាធារណៈនៅថ្ងៃពុធសប្តាហ៍នេះ លោកស្រី Lee បាននិយាយថា «ខ្ញុំមកនេះគឺដោយសារតែខ្លាច និងបារម្ភថា ក្រុមចម្រៀង BTS ដែលជាក្រុមមានឥទ្ធិពលបំផុត ក្នុងការផ្សព្វផ្សាយវប្បធម៌របស់កូរ៉េទៅកាន់ពិភពលោក នឹងរំសាយឆាប់ៗ...»។ លោកស្រីបានជំរុញឲ្យក្រុមនេះ ពិចារណាឡើងវិញ ក្នុងការផ្អាកសកម្មភាពជាក្រុម។

ការលើកឡើងរបស់លោកស្រី ត្រូវបានហ្វេនៗរបស់ BTS ឬ Army សម្តែងការមិនពេញចិត្តជាខ្លាំង ដោយបង្ហោះសារប្រតិកម្មនៅលើ Twitter ដោយបានចោទសួរទៅលោកស្រីវិញថា «តើក្នុងជីវិតរបស់លោកស្រី មិនដែលបានឈប់សម្រាកពីការងារមែនទេ?»

គួរជម្រាបថា BTS បានប្រកាសនៅថ្ងៃទី១៤ ខែមិថុនាថា ពួកគេនឹងឈប់សម្រាកសកម្មភាពជាក្រុម ដើម្បីផ្តោតលើគម្រោងទោល។ តែយ៉ាងណាមិញ ពួកគេបានសង្កត់ធ្ងន់ថា សកម្មភាពក្រុមនឹងបន្ត ហើយពួកគេមិនមានការរំសាយក្រុមនោះទេ៕