(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (ហៅកាត់ថា កូកា-កូឡា កម្ពុជា) សូមប្រកាសថា ក្រសួងពាណិជ្ជកម្ម បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន The Coca-Cola Company លើផលិតផលភេសជ្ជៈ ម៉ាក COCA-COLA, FANTA, SPRITE និងពីក្រុមហ៊ុន DP Beverages លើផលិតផលភេសជ្ជៈម៉ាក FUZE TEA នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខលេខ ១៦៣៤ ព.ណ កសប និង ១៦៣៥ ព.ណ កសប ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម។

តាមរយៈលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា គឺជាអ្នកទទួលបានសិទ្ធិផ្តាច់មុខដោយស្របច្បាប់ ក្នុងការនាំចូល និងចែកចាយផលិតផលដែលមានម៉ាកសញ្ញាខាងលើនៅទូទាំងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នេះ។

តាមរយៈលិខិតនេះដដែល ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រោយរយៈពេល ៩០ថ្ងៃ គិតចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា មានសិទ្ធិក្នុងការប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានទៅតាមច្បាប់ ប្រសិនបើមានការបំពានសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន។

និយាយជារួម មានតែក្រុមហ៊ុនកូកា-កូឡា កម្ពុជា តែប៉ុណ្ណោះ ដែលមានសិទ្ធិនាំចូល និងចែកចាយភេសជ្ជៈរបស់ក្រុមហ៊ុន The Coca-Cola និងក្រុមហ៊ុន DP Beverages ដែលមានពាក់ម៉ាក់ខាងលើ នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕