(ភ្នំពេញ)៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមវិសាខាបានដាក់ទិសដៅយ៉ាងហោចឈ្នះ២ និងស្មើ១ ក្នុងយុទ្ធនាការប្រកួតជម្រុះពូល G នៃពានរង្វាន់ក្លិបបាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Cup 2022។

ការលើកឡើងនេះ ស្របពេលក្រុមវិសាខាត្រូវប្រកួតបើកឆាកជាមួយក្រុម Kaya FC របស់ហ្វីលីពីន នាវេលាម៉ោង ៤ល្ងាចនេះ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Kapten I Wayan Dipta នាប្រទេសឥណ្ឌូនេស៊ី។

ក្នុងនាមគ្រូបង្វឹក លោក មាស ចាន់ណា បានបង្ហាញមោទនភាព ដែលក្រុមរបស់ខ្លួន បានចូលរួមលើកដំបូងក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ ហើយលោកបានអះអាងថា កូនក្រុមបានត្រៀមខ្លួនរួចរាល់ ប្រកបដោយស្មារតីខ្ពស់ ដើម្បីត្រៀមប្រយុទ្ធលើសមរភូមិវាលស្មៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

លោកថា «នេះជាការចូលរួមលើកដំបូងរបស់ក្រុមយើង ក្នុងពានរង្វាន់ AFC Cup។ ក្រុមទាំងមូល ក៏ដូចជាកីឡាករ ពិតជាមានមោទនភាពណាស់ សម្រាប់ក្រុមមួយដែលតំណាងឲ្យប្រទេសយើង បានចូលរួមប្រកួតពានរង្វាន់មួយនេះ ដែលជាពានមួយដ៏សំខាន់ សម្រាប់មុខមាត់ក្រុម ក៏ដូចជាមុខមាត់ប្រទេសជាតិរបស់យើងផងដែរ»។

«ខ្ញុំទទួលស្គាល់ថា ក្រុមក្នុងពូលជាមួយយើង សុទ្ធតែជាក្រុមខ្លាំងៗ អ៊ីចឹងចំពោះខ្ញុំ ក្នុងនាមខ្ញុំជាគ្រូ គឺខ្ញុំមានឆន្ទៈ និងសុទិដ្ឋិនិយមថា ពួកយើងនឹងអាចដណ្ដើមជ័យជម្នះលើក្រុមផ្សេងៗក្នុងពូល។ ជារួមសម្រាប់ខ្ញុំ ខ្ញុំបានដាក់ទិសដៅមួយក្នុងពូលនេះ គឺឈ្នះ២ ស្មើ១»។ លោក មាស ចាន់ណា បានសង្កត់ធ្ងន់ដូច្នេះ លើគេហទំព័រផ្លូវការរបស់ក្លិប។

សូមបញ្ជាក់ថា ការចូលរួមលើកដំបូងក្នុងពានរង្វាន់ AFC Cup 2022 នេះ វិសាខាស្ថិតក្នុងពូល G ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី Bali United, ក្លិប Kedah Darul Aman របស់ម៉ាឡេស៊ី និងក្រុម Kaya FC របស់ហ្វីលីពីន។

ដំណាលគ្នានឹងការប្រកួតបើកឆាករបស់វិសាខាល្ងាចនេះ ក្រុមភ្នំពេញក្រោន ដែលជាក្រុមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២១ ក៏នឹងចាប់ផ្ដើមយុទ្ធនាការប្រកួតរបស់ខ្លួនផងដែរ សម្រាប់ការប្រកួតជម្រុះពូល I នៅប្រទេសវៀតណាម ដោយប្រកួតដំបូងរបស់ក្រុមសិង្ហក្រហមនេះ ត្រូវជួបក្រុមសិង្ហបុរី Hougang United៕