(ម៉ាទ្រីដ)៖ ទីក្រុង Madrid របស់អេស្ប៉ាញ បានបង្ហាញជាផ្លូវការនូវចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One នេះបើតាមការប្រកាសពីរដ្ឋាភិបាល Madrid ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។

បើទោះបីជាមិនមានផ្លូវប្រណាំងកម្រិត Formula One នៅទីក្រុង Madrid ហើយអេស្ប៉ាញ ក៏បានធ្វើជាម្ចាស់ផ្ទះប្រណាំងនៅទីក្រុង Barcelona ដែលបានចុះកិច្ចសន្យារហូតដល់ឆ្នាំ២០២៦ ក្តី ក៏រដ្ឋធានីរបស់អេស្ប៉ាញមួយនេះជឿជាក់ថា ខ្លួនអាចបើកការជជែកជាមួយក្រុមហ៊ុន Liberty Media ដែលជាអ្នករៀបចំ Formula One អំពីការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រណាំងនេះ។

«ខ្ញុំចង់បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ចំពោះអ្នកអំពីគម្រោងនេះ ព្រមទាំងឆន្ទៈរបស់ពួកយើងក្នុងការចុះកិច្ចព្រមព្រៀង ដើម្បីលើកកម្ពស់ការប្រណាំង និងផ្តល់នូវកីឡាដ៏អស្ចារ្យ និងទស្សនីយភាពកម្សាន្ត» នេះបើតាមរដ្ឋមន្ត្រីខុទ្ទកាល័យរដ្ឋាភិបាលតំបន់ Madrid បានសរសេរសំបុត្រទៅកាន់នាយកប្រតិបត្តិ F1 លោក Stefano Domenicali។

គួររំលឹកថា ទីក្រុង Madrid ធ្លាប់ធ្វើជាម្ចាស់ផ្ទះ F1 Grands Prix នៅចម្លោះឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៨១ នៅឯទីលាន Jarama Circuit ដែលទីលាននេះហួសសម័យ និងចាំបាច់ត្រូវការកែលម្អយ៉ាងច្រើន ដើម្បីអាចធ្វើជាម្ចាស់ផ្ទះប្រណាំងម្តងទៀត។

សូមជម្រាបដែរថា មានការប្រណាំងចំនួន ២៣លើកក្នុងប្រតិទិន Formula One គ្រោងធ្វើឡើងក្នុងឆ្នាំនេះ ស្របពេលដែលអ្នករៀបចំ មានបំណងពង្រីកវិសាលភាពភូមិសាស្ត្ររបស់កីឡាប្រភេទនេះ ដោយពួកគេកំពុងសម្លឹងមើលការបន្ថែមការប្រកួតនៅក្នុងទ្វីអាហ្វ្រិក និងសហរដ្ឋអាមេរិក៕