(បរទេស)៖ មួយរយៈនេះមានពាក្យចចាមអារាមជាច្រើនដែលថា Apple គ្រោងបញ្ជេញរថយន្តអគ្គីសនី Apple Car របស់ខ្លួន។ ខណៈពាក្យចចាមអារាមនៅតែបន្ត នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Volkswagen លោក Herbert Diess បានដាក់ការសង្ស័យលើផែនការរថយន្តរបស់ Apple ដោយចោទជាសំណួរថា «តើក្រុមហ៊ុនពិតជាមានគម្រោងនាំយកគំរូរថយន្តមកទីផ្សារដែរឬទេ?»។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

Apple មានពាក្យចចាមអារ៉ាមអស់រយៈពេលជាង ៨ឆ្នាំហើយដែលថាកំពុងធ្វើការលើដំណើរកា Apple Car របស់ខ្លួនដែលមានឈ្មោះកូដថា «Project Titan»។ ដោយឡែកការលេចធ្លាយជាច្រើន ក្នុងនោះ រួមមានទាំងដៃគូរផលិត និងកាលបរិច្ឆេទដែលគ្រោងចេញផ្សាយថែមទៀតផង។

បើយោងតាម Reuters បានឱ្យដឹងថា បើទោះបីជាសន្ទុះនៃពាក្យចចាមអារាម ដែលហាក់ដូចជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ពិភពលោកនេះ កំពុងតែបង្កើត Apple Car ក៏ដោយ ក៏ប៉ុន្តែលោក Diess មិនមានជំនឿថាទៅលើ Apple នោះទេ។ ដោយកាលពីពេលថ្មីនេះលោកបានលើកឡើងនៅឯសន្និសីទបច្ចេកវិទ្យា hub.berlin ថា«ខ្ញុំមិនប្រាកដថា Apple នឹងនាំរថយន្តចូលទីផ្សារនៅទីបញ្ចប់ឬយ៉ាងណានោះទេ» លើសពីនេះទៅទៀត Diess បានបញ្ជក់យ៉ាងច្បាស់ថា «គាត់ជឿថាក្រុមហ៊ុន Apple គ្រាន់តែចង់ជាផ្នែកមួយនៃទីផ្សារ Cockpit រថយន្តជាមួយនឹង Software របស់ខ្លួនប៉ុណ្ណោះ» ពោលគឺចង់ចូលរួមចំណែកដើម្បីគ្រប់គ្រងផ្នែកមួយនៃរថយន្តពិភពលោកហ្នឹងឯង។

តែយ៉ាងណាមិញបើតាមរបាយការណ៍ចុងក្រោយបង្អស់បានបង្ហាញថា Apple ដែលស្ថិតក្រោមការដឹកនាំគម្រោងពីលោក Kevin Lynch កំពុងផ្តោតលើម៉ូដែលរថយន្តបើកបរដោយខ្លួនឯង« full self-driving » សម្រាប់ការចេញផ្សាយនៅឆ្នាំ ២០២៥ ខាងមុនេះ ។ ប៉ុន្តែប្រភពមិនបានបញ្ជាក់ច្បាស់លាស់នោះទេថា Apple នឹងបញ្ជេញរថយន្តមកពិតមែនឬអត់ មានតែពេលវេលាទេដែលនឹងប្រាប់ថាតើការលើកឡើងរបស់ CEO រូបនេះត្រឹមត្រូវឬអត់៕