(អាមេរិក)៖ ក្រុមហ៊ុន Microsoft បានប្រកាសឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញនេះថា ខ្លួននឹងទិញយកក្រុមហ៊ុនផលិតវីដេអូហ្គេមលំដាប់យក្ស Activision ក្នុងតម្លៃ ៦៨,៧ពាន់លានដុល្លារអាមេរិក ជាសាច់ប្រាក់សុទ្ធ ដែលវាគឺជាការទិញយកមួយក្នុងតម្លៃខ្ពស់បំផុត និង មិន ធ្លាប់មាន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ការសម្រេចចិត្តទិញយក ក្រុមហ៊ុនផលិត វីដេអូហ្គេមមួយនេះគឺជាការចំណាយប្រាក់ដ៏ច្រើនសន្ធឹកជាលើកទី២របស់ក្រុមហ៊ុន Microsoft ក្នុងការទិញយក ក្រុមហ៊ុន ដទៃ ដោយ កាលពីឆ្នាំ ២០១៦ បានចំណាយ ២៦,២ពាន់លានដុល្លារអាមេរិកទិញយកក្រុមហ៊ុន LinkedIn។

លោក Bobby Kotick បាន បង្ហាញពីក្ដីរំភើបចំពោះកិច្ចព្រមព្រៀងនេះ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយនោះគឺថា លោក ប្រឈមមុខនឹង ចាកចេញ ពីតំណែងដោយសារតែបញ្ហាវប្បធម៌នៅក្នុងក្រុមហ៊ុន ខណ:ដែលក្រុមហ៊ុន Microsoft បាននិយាយថា កិច្ចការងាររបស់ Activision នឹងត្រូវប្រគល់ឱ្យលោក Phil Spencer មេធំរបស់ Xbox ទទួលខុសត្រូវ។

Activision បច្ចុប្បន្នបានល្បីឈ្មោះ និងត្រូវបានគេស្គាល់ខ្លាំងតាមរយ:ហ្គេមដែលមានឈ្មោះថា «Call of Duty និង Tony Hawk’s Pro Skater»

គួរបញ្ជាក់ផងដែរថា Microsoft ប៉ុន្មានឆ្នាំចុងក្រោយនេះបានខិតខំពង្រីកវិសាលភាពទៅលើវិស័យហ្គេមខ្លាំងណាស់ណាដែរ ដោយបាន Mojang ដែលជាក្រុមហ៊ុនផលិតហ្គេម Minecraft ក្នុងតម្លៃ ២,៥ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ ២០១៤ និង កាលពីឆ្នាំមុន បានទិញ ក្រុមហ៊ុនផលិតហ្គេម Bethesda ក្នុងតម្លៃ ៧,៥ពាន់លានដុល្លារអាមេរិក៕