(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី១៤ ខែតុលានេះបានប្រកាសជាផ្លូវការ អំពីការបង្កើតក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាលើកដំបូង ដោយតែងតាំងលោក Satoshi Saito ជានាយកប្រតិបត្តិ (CEO) ដ្បិតលោកគឺជាអតីតអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្លិបអ្នកមានបុណ្យ FC Barcelona ហើយក៏ជាទីប្រឹក្សារបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា នេះគឺជាគំនិតផ្ដួចផ្ដើមថ្មីមួយទៀតរបស់សហព័ន្ធកីឡាបាល់ទាត់ និងជាជំហានដ៏សំខាន់ ក្នុងការធានានូវការអភិវឌ្ឍ និងភាពជោគជ័យសម្រាប់បាល់ទាត់កម្ពុជានៅថ្ងៃអនាគត រួមទាំងគោលដៅដែលបានកំណត់សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបានថ្លែងថា «នេះគឺជាយុគសម័យថ្មីមួយនៃបាល់ទាត់កម្ពុជា។ បើយើងសម្លឹងមើលប្រទេសដែលមានបាល់ទាត់ឈានមុខជុំវិញពិភពលោក ការមានលីគអាជីពប្រកបដោយគុណភាពខ្ពស់ នឹងរួមចំនែកដ៏ភាពជោគជ័យរបស់ក្រុមជម្រើសជាតិ និងពង្រឹងប្រព័ន្ធអេកូបាល់ទាត់ (Football Ecosystem) បានកាន់តែប្រសើរទៀតផង»

ប្រមុខបាល់ទាត់កម្ពុជាដដែលបានបង្ហាញសុទិដ្ឋិនិយមចំពោះ CEO ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាខាងលើថា «ខ្ញុំជឿជាក់ថា លោក Satoshi ដែលមានបទពិសោធន៍ច្រើនក្នុងការគ្រប់គ្រងកីឡាបាល់ទាត់ ជាបុគ្គលមួយរូបដែលស័ក្ខិសមបំផុត ក្នុងការតម្រង់អនាគតរបស់ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា ដែលទើបបង្កើតថ្មីនេះ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធរបស់យើង ដើម្បីភាពជោគជ័យថ្មីមួយទៀតនៅក្នុងវិស័យបាល់ទាត់កម្ពុជា»

ដោយឡែកលោក Satoshi បានសម្លឹងឃើញពីការផ្លាស់ប្ដូររបស់បាល់ទាត់កម្ពុជាក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ។ ដូច្នេះវាគឺជាកិត្តិយសដ៏ធំធេងសម្រាប់លោក ដែលត្រូវចូលរួមក្នុងដំណើរនេះ ដើម្បីនាំមកនូវភាពរុងរឿងដល់បាល់ទាត់កម្ពុជា ហើយលោកក៏បានសម្ដែងការអរគុណ ចំពោះទំនុកចិត្ត និងភាពជឿជាក់លើរូបលោកពីសំណាក់ប្រធានសហព័ន្ធនាយឧត្តមសេនីយ៍ សៅ សុខា និងសមាជិកគណៈកម្មការប្រតិបត្តិសហព័ន្ធផងដែរ។

លោកបន្ដថា «ដំណើរឆ្ពោះទៅមុខក្នុងស្ថានភាពជំងឺរាតត្បាតនេះ អាទិភាពរបស់ខ្ញុំ គឺការវាយតម្លៃឡើងវិញអំពីការរៀបចំលីគ ក្នុងនោះមានទាំងរចនាសម្ព័ន្ធ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រង និងសហការណ៍ជាមួយក្លិបជាសមាជិក ដើម្បីលើកកម្ពស់ និងពង្រឹងនៃប្រតិបត្តិការទូទៅ និងបង្កើនចំណងមិត្តភាពរបស់យើង ក្នុងកិច្ចទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាផ្លាស់ប្ដូរ និងអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជារបស់យើង ប្រកបដោយចីរភាព និងនិរន្ដរភាព»

គួរដឹងថា លោក Satoshi Saito ធ្លាប់ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្លិបយក្សពិភពលោក FC Barcelona ហើយក៏ជាអនុប្រធាននៃការិយាល័យបេសកកម្មពិសេស នៅសមាគមកីឡាបាល់ទាត់ជប៉ុន (JFA) ក៏ដូចជានាយកទីផ្សារនៅសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងជាទីផ្សារប្រឹក្សារបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA)។

ថ្មីៗនេះ លោក Satoshi បានបង្កើតការិល័យតំណាងនៅប្រទេសជប៉ុន សម្រាប់ទីផ្សារ GMR ដែលជាទីភ្នាក់ងារកីឡា ដែលមានឯកទេសក្នុងសកម្មភាពឧបត្ថម្ភសម្រាប់កីឡាអូឡាំពិក នៅទីក្រុងតូក្យូ។ បុរសជនជាតិជប៉ុនដដែលខាងលើ បានទទួលសញ្ញាបត្រច្បាប់ពីសកលវិទ្យាល័យ Keiko ប្រទេសជប៉ុន និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងពាណិជ្ជកម្មពីសាលាពាណិជ្ជកម្ម នៅប្រទេសអេស្ប៉ាញទៀតផង៕