(ភ្នំពេញ)៖ គូឯកប្រចាំសប្ដាហ៍ទី១០ នៃលីគកំពូលកម្ពុជាបានបញ្ចប់ហើយ ដោយក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមវិសាខា ក្នុងលទ្ធផល ៣-២ នៃជំនួបដ៏តានតឹងនៅកីឡដ្ឋានខេត្តស្វាយរៀង នាព្រលប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០។

ជំនួបដ៏កក្រើកនេះ វិសាខាបានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន នៅវគ្គទី១ ដែលរកបានដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Mihaljevic Filip នៅនាទី៣៦។ ចំណែកព្រះខ័នរាជស្វាយរៀង ក៏មានឱកាសច្រើនដែរ ធ្វើមិនបានសម្រេច។

លុះចូលវគ្គទី២ ការប្រកួតកាន់តែក្ដៅគគុក រហូតស្វាយរៀង វាយបកនាំមុខ ២-១ វិញ ដែលរកបានដោយកីឡាករ Privat នៅនាទី៧៤ និងកីឡាករ Daisuke នៅនាទី៧៨។ បន្ទាប់មកទើបវិសាខា តាមស្មើវិញ ពីការរកបានគ្រាប់ទី២ របស់ខ្សែប្រយុទ្ធក្រូអាត Mihaljevic Filip នៅនាទី៨៣។

ប៉ុន្ដែភាពសប្បាយរីករាយសម្រាប់ក្រុមម្ចាស់ផ្ទះ បានកើតឡើងនៅចុងម៉ោង បន្ទាប់ពីកីឡាករ Privat រកបានគ្រាប់ទី៣ ឲ្យព្រះខ័នរាជស្វាយរៀង នៅនាទី៨៨ ដែលជាគ្រាប់ជ័យជម្នះ ទោះបីវិសាខាបានព្យាយាមវាយសម្រុកខ្លាំងនៅចុងម៉ោងក៏ដោយ ។ ចប់ការប្រកួតព្រះខ័នរាជស្វាយរៀង ឈ្នះវិសាខា ៣-២។

ជាមួយជ័យជម្នះនេះ បានធ្វើឲ្យក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាង ក្នុងសប្ដាហ៍ទី១០ នៃលីគកំពូលកម្ពុជា ដោយមាន ២៥ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៩ប្រកួតឈ្នះ ៨ និងស្មើ ១ មិនទាន់ស្គាល់ចាញ់ ខណៈវិសាខា ធ្លាក់មកឈរលេខ ៤ និងមាន ១៩ពិន្ទុ ស្មើក្រុមភ្នំពេញក្រោន។ ឯបឹងកេត បន្ដឈរលេខ២ និងមាន ២៣ពិន្ទុ និងណាហ្គាវើលដ៏ ហក់ឡើងឈរលេខ៣ និងមាន ២១ពិន្ទុបណ្ដោះអាសន្ន៕