(ឡុងដ៍)៖ កីឡាករបើករថយន្តប្រណាំង ជនជាតិម៉ិកស៊ិក Sergio Perez នៅក្នុងព្រឹត្តិការណ៍ Formula One នឹងខកខានការប្រកួតចំនួន២ នាពេលខាងមុខ បន្ទាប់ពីត្រូវបានគេរកឃើញថា មានភាពវិជ្ជមាននៃវីរ៉ុសឆ្លង COVID-19, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ។

កីឡាករប្រណាំងរថយន្ត មកពីក្រុម Racing Point រូបនេះ ត្រូវបានគេបដិសេធ ក្នុងការចូលទៅកាន់ទីលានប្រណាំងរថយន្ត Silverstone នាចក្រភពអង់គ្លេស ហើយបានរស់នៅដាច់ដោយឡែកពីគេ រយៈពេល១៤ថ្ងៃ, ក្នុងន័យនេះ មានន័យថា លោកនឹងខកខានការប្រកួតចំនួន២ នៅក្នុងចក្រភពអង់គ្លេស។

អវត្តមានរបស់កីឡាកររូបនេះ នឹងត្រូវជំនួសវិញ ដោយ សហសេវិក ដ៏មានប្រជាប្រិយភាពរបស់លោក គឺកីឡាករ Nico Hulkenberg ដែលមិនបាន ចូលប្រកួត នៅរដូវកាលនេះ បន្ទាប់ពីកិច្ចសន្យារបស់លោក បានបញ្ចប់ជាមួយក្រុមហ៊ុនផលិតរថយន្ត Renault៕