(ភ្នំពេញ)៖ តារាសម្ដែងស្រីសាច់ស​ខ្ចី ជាអ្នកមេម៉ាយចាយរាង អ្នកនាង ភិន សុដាលីស បានបង្ហាញអារម្មណ៍ប្លែក ក៏ដូចជារំភើបខ្លាំង ប្រៀបបីដូចជា រសជាតិថ្មីមួយទៀត ក្រោយពីនាងបានសម្ដែង ជាតួអង្គឯក​ មានលក្ខណៈជាចរិត​របៀបជាមនុស្សប្រុស ជាលើកដំបូង ក្នុងខ្សែភាពយន្តថ្មី គឺរឿង «ណូលី​ណូឡា» ខណៈដែលសព្វមួយដង ធ្លាប់តែសម្ដែងជាតួអង្គ​ មានលក្ខណៈ​ជាចរិតមនុស្សស្រីធម្មតាៗ មានស្លូតបូត ឬកាចឆ្នាស់ជាដើម​។

ជាក់ស្ដែង ជួបជាមួយនឹងការសម្ភាសន៍ផ្ទាល់ ជាមួយនឹង Khmertalking អ្នកនាង ភិន សុដាលីស បានប្រាប់ពីអារម្មណ៍ របស់ខ្លួនថា តាំងពីចូលសិល្បៈមក នាងមិនដែលត្រូវបានផលិតករ តម្រូវឲ្យនាងសម្ដែងជាតួ មានចរិតជាមនុស្សប្រុសបែបនេះទេ ប៉ុន្តែក្នុងរឿងថ្មីចុងក្រោយនេះ ស្រាប់តែអ្នកដឹងនាំសម្ដែង ឲ្យនាងសម្ដែងជាតួមានចរិតជាមនុស្សប្រុស វាយ ទាត់ធាក់ ជាពិសេសក៏ត្រូវកាត់សក់ខ្លី ឲ្យមើលទៅដូចមនុស្សបេះបិតតែម្ដង។ ចំណុចនេះ ធ្វើឲ្យនាងគិតថា វាជារសជាតិថ្មី ប្លែកមួយទៀត ក្នុងអាជីពសិល្បៈរបស់នាង ខណៈដែលនាងបានប្រឡូក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ស្រីស្រស់ ភិន សុដាលីស និយាយថា «ចា៎បង ក្នុងរឿងនេះ ខ្ញុំមានអារម្មណ៍ប្លែកច្រើន ! រឿងនេះជារសជាតិថ្មី ដែលអាចនិយាយបានថា ជាលើកទី១ ដែលខ្ញុំបានសម្ដែងជាតួឯកស្រី ប៉ុន្ដែមានចរិត​ប្រៀបដូចជា មនុស្សប្រុសមួយទំហឹងតែម្ដង គឺចូលចិត្ត​ធ្វើអ្វីដែលជា អត្តចរិតរបស់មនុស្សប្រុស ដូចជាការធ្វើការងារជាដើម គឺជាការងាររបស់មនុស្សប្រុសទាំងអស់»

ដាលីស បានបន្ថែមទៀតថា ហើយនេះក៏ជារសជាតិថ្មីមួយបែបទៀត ដែលនាងបានសម្ដែង​ជាមួយនឹង កញ្ញា ឌុច លីដា នៅក្នុងខ្សែភាពយន្ត​ការប៉ះគ្នា ជាលើកដំបូងក្នុងរឿង​ គឺយើងទាំងពីរ ត្រូវសម្ដែងជា​បងប្អូនភ្លោះនឹងគ្នា តែបែរជាមានអត្តចរិតពីរ​ផ្សេងគ្នា ពោលគឺ នាងសម្ដែងជាតួឯកស្រីឈ្មោះ ណូឡា ដែលមានចរិតជាមនុស្សប្រុស និង​កញ្ញា ឌុច លីដា សម្ដែងជាតួឯកស្រីដូចគ្នា ដែលមានឈ្មោះថា ណូលី ដែលមានចរិតជាមនុស្សស្រីពេញលក្ខណៈតែម្ដង​។

គួរបញ្ជាក់ថា ភិន សុដាលីស ជាតារាសម្ដែងស្រី និងជាអ្នកជំនួញវ័យក្មេងមួយដួង ដែលមានប្រជាប្រិយភាព និងទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជន​។ ជាការកត់សម្គាល់ ភិន សុដាលីស គេសង្កេតឃើញថា នាងតែងតែលេចមុខជានិច្ច ក្នុងខ្សែភាពយន្តផ្សេងៗ ជាពិសេសនោះ គឺបានគ្រងតំណែងជាតួឯកស្ទើរតែគ្រប់រឿងទាំងអស់៕