(ភ្នំពេញ)៖ ខណៈបច្ចុប្បន្នវិស័យខ្សែភាពយន្តខ្មែរ កំពុងតែមានការអភិវឌ្ឍន៍បន្តិចម្តងៗក្តី តែបើក្រឡេកទៅមើល​ពីបណ្តាទស្សនិកជនវិញ ហាក់បីដូចជា មិនសូវជួយជ្រោមជ្រែង និងគាំទ្រស្នាដៃភាពយន្តខ្មែរនោះទេ។ ក្នុងនោះ​គេសង្កេតឃើញថា បងប្អូនខ្មែរភាគច្រើន និយមតែតាមដានរឿងភាគថៃ ដល់ថ្នាក់តាមបណ្តាស្ថានីយទូរទស្សន៍​ក្នុងស្រុកស្ទើរគ្រប់ប៉ុស្តិ៍ ចាក់តែរឿងថៃទៅហើយ។ តែយ៉ាងណា ចំពោះលោក ខាំ ភូរិ ដែលជាផលិតករមួយរូប មិនបានអស់សង្ឃឹមឈប់ផលិតរឿងនោះទេ ដោយលោកនៅតែបន្តផលិតផ្តោតលើគុណភាព ទោះគ្មានគាំទ្រក៏ដោយ ក្នុងនោះលោកអះអាងថា «មិនឈប់ទេ ទោះក្នុងរោងភាពយន្ត មានតែមនុស្សម្នាក់មើល ឬមុខកញ្ចក់ទូរទស្សន៍​បើកចោលគ្មានអ្នកអង្គុយពីមុខ ព្រោះវិស័យនេះវាបានផ្សាយពីមុខមាត់ជាតិឱ្យគេស្គាល់»

ការលើកឡើងបែបនេះរបស់លោក ខាំ ភូរិ ធ្វើឡើង បន្ទាប់ពីលោកសង្កេតឃើញថា បងប្អូនខ្មែរភាគច្រើន​ធ្វើអ្វីតាមតែចំណង់ចំណូលចិត្តរបស់ខ្លួន មិនគិតពីការជួយផ្សព្វផ្សាយ និងគាំទ្រស្នាដៃខ្មែរ ព្រោះបច្ចុប្បន្នបើកក្នុងទូរទស្សន៍ចាក់តែរឿងខ្មែរ ក៏គ្មាននរណាមើលដែរ។ តែបើចាក់រឿងថៃវិញ គឺរោមដូចស្រមោច និងស្ករ​ទៅហើយ។ ដោយឡែកសម្រាប់ការការផលិតភាពយន្តខ្មែរវិញ បើប្រៀបធៀបនឹងប្រទេសជិតខាង យើងនៅមានកម្រិតនៅឡើយ ទាំងទឹកដៃរបស់ផលិតករ ផ្នែកហិរញ្ញវត្ថុ និងតួសម្តែងជាដើម។

ក្នុងបណ្តាញសង្គមផ្លូវការរបស់ផលិតកររូបនេះ បានបង្ហោះសារយ៉ាងដូច្នេះថា «ស្ថានីយទូរទស្សន៍ស្ទើរតែទាំងអស់ចាប់ផ្តើមចាក់ផ្សាយរឿងភាគថៃឡើងវិញហើយ ឆន្ទៈមិនអាចប្រៀបសេដ្ឋកិច្ចបានទេ។ ចុះរឿងខ្មែរអាចឈានទៅរកការដួលរលំម្តងទៀតហើយមែនទេ? នៅទេ....! គ្មានកំហុសអ្នកណាទេ ព្រោះអ្នកមើល​ទទួលយកបែបនេះ បែបនេះមានន័យថា គាត់មិនខ្វល់រឿងអ្វីក្រៅពីការកំសាន្តអារម្មណ៍ មានតណ្ហាលើអ្វីដែលចូលចិត្ត»

«ទាំងសមត្ថភាពផលិត ធនធានមនុស្ស និងហិរញ្ញវត្ថុ យើងមិនអាចប្រៀបជាមួយគេទេ នោះមិននិយាយដល់ពីការជ្រោមជ្រែងរបស់ផ្នែករដ្ឋផង។ បើមិនចាក់រឿងថៃ គ្មានរឿងបរទេសផ្សេងចាក់មែនទេ? មានតែមនុស្សខ្មែរភាគច្រើនចូលចិត្តមើល។ ចុះរឿងខ្មែរ? រឿងខ្លះមានគុណភាព រឿងខ្លះគ្មានគុណភាព ផលិតករខ្លះ ៦ខែផលិត៣រឿង ក្នុងពេលតែមួយ។ ហេតុអី? សេដ្ឋកិច្ច ចង់ចំណេញ។ គ្មានឆន្ទៈទេ? មានតែឆន្ទៈស៊ីអីកើត។ ចុះក្មេងៗបច្ចុប្បន្នអត់សមត្ថភាពផលិត? មានធ្វើល្អ ពេលខ្លះហ៊ាននិយាយថាអាចល្អជាងបរទេសទៀត បើបរិយាកាសសេដ្ឋកិច្ចផ្តល់ឱ្យគ្រប់គ្រាន់ ជាឧទាហរណ៍ មានស្រាប់ហើយកាលពីកន្លងមកនោះ»

លោកបានសរសេរបន្តថា «គួរឈប់ផលិតទេបើគ្មានអ្នកមើល? មិនឈប់ទេ ទោះក្នុងរោងភាពយន្តមានតែមនុស្សម្នាក់មើល ឬមុខកញ្ចក់ទូរទស្សន៍ បើកចោលគ្មានអ្នកអង្គុយពីមុខ ព្រោះវិស័យនេះ វាបានផ្សាយពីមុខមាត់ជាតិអោយគេស្គាល់ យ៉ាងហោចណាស់ យកផុសក្នុងបណ្តាញសង្គមក្រែងមានអ្នក Like បួនដប់នាក់ដែរ»