(ភ្នំពេញ)៖ លោក ហ៊ុយ យ៉ាឡេង ជាផលិតករ និង ជាចាងហ្វាងផលិតកម្ម «មាតុចក្រហ្វីមល៍» កាលពីពេលថ្មីៗនេះ បានធ្វើដំណើរ ចាកចេញទៅទឹកសហរដ្ឋអាមេរិក ដើម្បីយកខ្សែភាពយន្តរឿងខ្មែរ «ធ្មប់» ដែលជាស្នាដៃរបស់ខ្លួន យកទៅដាក់បញ្ចាំង នៅក្នុងកម្មវិធី មហោស្រពភាពយន្ត «Cambodia Town Film Festival»កាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងទៅ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ភាពយន្តរបស់លោកថែមទាំង ទទួលបានពានរង្វាន់ និង ប័ណ្ណសរសើរពីសំណាក់ចៅហ្វាយក្រុង និង ចៅហ្វាយស្រុក នៃក្រុងឡុងប៊ិច នៅសហរដ្ឋអាមេរិក ទៀតផង។

នៅក្នុងកម្មវិធីមហោស្រពភាពយន្ត Cambodia Town Film Festival មានការចូលរួមពីសំណាក់តារាហូលីវូត គឺលោកស្រី អេនជីលីណា ជូលី និង តារាកិត្តិយសជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ក្នុងនោះក៏មានបងប្អូនខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក ផងដែរ។

ដោយក្ដីរំភើបរីករាយ លោក ហ៊ុយ យ៉ាឡេង មានអះអាងនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «កម្មវិធីមហោស្រពភាពយន្ត Cambodia Town Film Festival បានបញ្ចប់ទៅដោយមានមោទនភាពជាតិខ្មែរ នៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក។ ក្នុងនោះផងដែរ ភាពយន្តបុរាណខ្មែរ រឿង «ធ្មប់» បានទទួលពានរង្វាន់ Official Selection និង ទទួលបាន បណ្ណ័សរសើរពីចៅហ្វាយក្រុង និងចៅស្រុកក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ផងដែរ ហើយមិនតែប៉ុណ្ណោះកម្មវិធីឆ្នាំនេះ ក៏បានទទួលការផ្តល់កិត្តិយស បើកកម្មវិធីពីតារាហូលីវូត លោកស្រី អេនជីលីណា ជូលី ផងដែរ»

លោកបន្តថា «កម្មវិធី៤ថ្ងៃបញ្ចប់ ដោយក្តីរីករាយពីបណ្តាភ្ញៀវជាតិ និង អន្តរជាតិ ចូលរួមយ៉ាងច្រើនកុះករ ពិសេសកូនខ្មែរ ដែលកើតនៅអាមេរិករំភើបរីករាយ ដែលបានមើលកុនខ្មែរ និង អ៊ុពូមីង ជាជនជាតិខ្មែរនៅអាមេរិក បានផ្តល់ភាពកក់ក្តៅ ទទួលស្វាគមន៍គាំទ្រពួកយើងខ្ញុំបាទ ដោយក្តីរីករាយគ្រប់ៗគ្នា មិនតែប៉ុណ្ណោះយើងខ្ញុំបាទពិតជារីករាយ ដែលឃើញកូនខ្មែរនៅអាមេរិកបានបម្រើ ការងារភាពយន្តនៅហូលីវូត និង ខ្លះកំពុងទទួលបានពានរង្វាន់ពិភពលោក ផងដែរ។ ពិតជារំភើបហើយយើងខ្ញុំបាទនឹងសុំរៀនសូត្រតាម ដើម្បីយកទៅអភិវឌ្ឈន៍វិស័យនេះ នៅស្រុកខ្មែរផងដែរ»

ជាចុងក្រោយ លោក ហ៊ុយ យ៉ាឡេង បាននិយាយថា «ខ្ញុំបាទសូមថ្លែងអំណរគុណដល់បងប្រាជលី និងបងកាលីសូ ដែលជាកូនខ្មែរថ្នាក់ដឹកនាំកម្មវិធីមហោស្រព និងក្រុមការងារសុទ្ធតែកូនខ្មែរ ដែលបានរួមគ្នាបង្កើតកម្មវិធីនេះឡើង និងសូមអរគុណដល់អ្នកមីងកេសារ៉ា ដែលជាតារាជើងចាស់ខ្មែរនៅអាមេរិក ដែលបានស្រឡាញ់ភាពយន្តខ្មែរ ជួយត្រួសត្រាយផ្លូវអោយភាពយន្តធ្មប់ បានចូលរួមក្នុងមហោស្រពភាពយន្ត និងសូមអរគុណដល់បងណានស៊ីលី ដែលជាស្រ្តីខ្មែរម្នាក់តែងតែជួយការងារសង្គមខ្មែរ ហើយបាន​ជួយជ្រោមជ្រែងការងារមហោស្រពផងដែរ និងបានទទួលយើងខ្ញុំស្នាក់នៅផ្ទះរបស់គាត់ បានយ៉ាងកក់ក្តៅ និងលោកគ្រូសារីហូចាន់ ដែលបានជួយជូនយើងខ្ញុំដើរលែង កម្សាន្តនៅទីក្រុងឡុងប៊ិច ផងដែរ»

សូមជម្រាបថា ការចេញទៅសហរដ្ឋមេរិកលើកនេះ លោកហ៊ុយ យ៉ាឡេង ក៏បាននាំយកតារាសម្ដែងស្រី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន អមដំណើរទៅជាមួយផងដែរ ដោយនាង គឺជាតួឯកស្រី នៅក្នុងរឿង «ធ្មប់» នេះផ្ទាល់តែម្ដង៕