(ភ្នំពេញ)៖ ប្រតិភូ និងកីឡាករ-កីឡាការិនីកីឡារាំជម្រើសជាតិកម្ពុជា បានធ្វើដំណើរមកដល់មាតុភូមិវិញហើយ កាលពីរាត្រីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយបញ្ចប់បេសកកម្មចូលរួមប្រកួតកីឡារាំជ្រើសរើសជើងឯកម្រិតអាស៊ីចំនួន ២ព្រឹត្តិការណ៍ផ្សេងៗគ្នា នៅទីក្រុងហុងកុង ប្រទេសចិន កាលពីចុងសប្ដាហ៍កន្លងទៅ ដោយនាំមកជាមួយនូវមេដាយ ៥គ្រឿង ខណណៈប្រធានសហព័ន្ធលោកជំទាវ ញែម មរកត បានសម្ដែងនូវការភ្ញាក់ផ្អើល និងមានមោទនៈភាពជាខ្លាំង ក្រោយអត្តពលិកវ័យក្មេងរបស់ខ្លួន ធ្វើបានល្អហួសពីការស្មាន។

លោកជំទាវ ញែម មរកត បានថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងពេលលោកជំទាវ អញ្ជើញទទួល​ស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់អត្តពលិកកម្ពុជា កាលពីយប់មិញថា ដោយសារនេះ គឺជាលើកដំបូង ដែលសហព័ន្ធបានបញ្ជូនអត្តពលិកចូលរួមប្រកួតលើឆាកអន្ដរជាតិ ហើយទទួលបានសមិទ្ធិផលដ៏ល្អប្រសើរ បានឲ្យថ្នាក់ដឹកនាំសហព័ន្ធមានការសប្បាយចិត្តពេកក្រៃ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីម្នាក់ៗ ដែលព្យាយាមអស់ពីសមត្ថភាព ដើម្បីដណ្ដើមនូវមេដាយលើឆាកអន្ដរជាតិលើកដំបូង ជូនជាតិរបស់ខ្លួន។

ប្រធានសហព័ន្ធដដែលថា «មុនចេញប្រកួតយើងគ្រាន់តែសង្ឃឹមថា ជាបទពិសោធន៍មួយ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ព្រោះជាលើកទី១ ដែលយើងចូលរួមប្រកួតលក្ខណៈអន្ដរជាតិ។ ប៉ុន្ដែលទ្ធផលសម្រេចបាន គឺហួសពីការស្មានរបស់យើង ខ្ញុំរំភើប និងមានមោទនៈភាពមែនទែន ហើយសហព័ន្ធនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗ និងដណ្ដើមយកមេដាយជូនជាតិជាបន្ដបន្ទាប់ទៀត ពិសេសគឺការខិតខំពង្រឹងខ្លួនឲ្យកាន់តែរឹងមាំ ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង»

ទន្ទឹមជាមួយគ្នាលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដ៏ថ្មីស្រឡាង ដែលធ្វើសម្រេចដោយក្រុមកីឡារាំនេះផងដែរ ។ បន្ថែមលើនេះ លោកបានជំរុញដល់កីឡាករ-កីឡាការិនីរាំកម្ពុជា ត្រូវបន្ដការខិតខំប្រឹងប្រែង ដើម្បីត្រៀម​ចូលរួមការប្រកួតអន្ដរជាតិជាច្រើនទៀតនាពេលខាងមុខ ពិសេសក្នុងស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ក៏មានប្រភេទកីឡារាំដែរ។ ដូច្នេះលោករំពឹងថា កីឡារាំកម្ពុជា នឹងក្លាយជាកីឡាមានសក្ដានុពលរបស់កម្ពុជាមួយ ក្នុងការដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ។

សូមរំឭកថា បេសកកម្មខាងលើ កម្ពុជាបានបញ្ជូនអត្តពលិក ៩នាក់ទៅចូលរួម ក្នុងនោះព្រឹត្តិការណ៍ ADSF Asian Dance Sport Championship 2018 កម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធ ១ ដោយកីឡាករ  ច័ន្ទ វ៉ិចទ័រ និងកីឡាការិនី ព្រាប ដានីអែលឡា លើវិញ្ញាសារាំគូចង្វាក់ Cha Cha។ រីឯព្រឹត្តិការណ៍ Asian  Hong Kong Open 2018 កីឡាករ ច័ន្ទ វ៉ិចទ័រ និងកញ្ញា ព្រាប ដានីអែលឡា ដដែលដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសា 5-dance។ ឯកីឡាករ សេង សុគីម ឈ្នះមេដាយប្រាក់ ១ លើវិញ្ញាសាឯកត្តជនរាំចង្វាក់ Cha Cha Cha និងមេដាយសំរឹទ្ធ ១ លើវិញ្ញាសារាំចង្វាក់ Rumba។ ចំណែកកីឡាករ ម៉ូវ ដាវីន និងកីឡាការិនី ម៉ូវ ដានីតា ប្រកួតវិញ្ញាសារាំចង្វាក់ Cha Cha Cha បែប Jive គឺទទួលមេដាយសំរឹទ្ធ ១៕