(ភ្នំពេញ)៖ ពិធីករលោក សាយ រតនៈដែលទើបតែបង្ហាញពីក្តីបារម្មណ៏ពីជម្ងឺបាក់ទឹកចិត្តពេលថ្មីៗនេះ ហើយមហាជនស្គាល់យ៉ាងច្បាស់ថា ជាអ្នកសិល្បៈទទួលបានប្រជាប្រិយភាព ពីការងារសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈបច្ចុប្បន្ន លោកក៏កំពុងក្ដោបក្ដាប់មុខជំនួញមួយ នៅក្នុងដៃផងដែរ។ ទោះបីជាលោកមានភាពជោគជ័យ លើវិស័យការងារ និងសិល្បៈក្ដី ប៉ុន្តែបើងាកមកជីវិតឯកជន របស់លោកវិញ ហាក់មិនសូវគាប់ប្រសើរទាល់តែសោះ ខណៈកាលពីប៉ុន្មាននាទីមុននេះ លោកបានត្អូញត្អែរ នៅលើគណនីហ្វេសប៊ុករបស់លោក ថា អ្វីដែលលោកខ្លាចបំផុត ក្នុងជីវិត គឺជាប់បំណុលគេ ហើយសូម្បីតែទីជម្រកតូចមួយផ្ទាល់ខ្លួន ក៏លោកមិនទាន់មានលទ្ធភាពទិញនៅផង។

ជាក់ស្ដែង លោក​ សាយ រតនៈ បានបង្ហោះរូបភាព រួមជាមួយនឹងសារ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួថា «អ្វីដែលខ្ញុំខ្លាចជាងគេបំផុតក្នុងជីវិត គឺជាប់បំណុលគេ​ តែឥឡូវ.... តាំងពីចាប់កំណើតរហូតមកដល់ពេលនេះ គឺមិនទាន់ស្គាល់ទេ នូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់​ រហូតដល់រាប់ម៉ឺនដុល្លារ​ សូម្បីជម្រកដ៏តូចល្មមមួយ ក៏មិនទាន់មានលទ្ធភាព​ទិញនៅផ្ទាល់ខ្លួនផង​ ប៉ុន្តែកាតព្វកិច្ចជាកូន​ ចាំបាច់ដាច់ខាតត្រូវតែទទួលរង ជំនួសនូវអ្វីដែលជាភាពលំបាករបស់លោកអ្នកមានគុណ​ ទោះទម្ងន់នោះធ្ងន់យ៉ាងណាក៏ដោយ​។​ ​"គ្មានគុណណា​ ស្មើគុណឪពុកម្តាយឡើយ"​ កូនប្រុសម្នាក់នេះ ពិតជាអន់ពេកហើយ ដែលមិនអាចដោះស្រាយក្នុងពេលដ៏ខ្លីបាន!​»​។

យ៉ាងណាមិញ លោក សាយ រតនៈ ត្រូវបានគេសង្កេតឃើញថា មួយរយៈចុងក្រោយនេះលោក ហាក់មានរឿងផ្ទួនៗតែម្ដង ខណៈកាលពីពេលកន្លងទៅថ្មីៗនេះ លោក​ក៏ទើបនឹង បានចូលសម្រាកក្នុងមន្ទីរពេទ្យ អស់រយៈពេលមួយរយៈ ដែលមិនទាន់សន្មត់បានថា ជាសះស្បើយនៅឡើយនោះទេ​៕