(ភ្នំពេញ)៖ ពិធីករប្រុសពូកែខាងវោហាស័ព្ទ មិនចេះរឹងស្ងួតលោក ដួង សុខគា ថ្មីៗនេះ បានបញ្ចេញនូវវីដេអូពញ្ញាក់អារម្មណ៍ ទាក់ទងបញ្ហានៃការចោលសំរាម នៅតាមទីសាធារណៈ និងកន្លែងកម្សាន្តនានា ដែលមានន័យអប់រំមហាជននោះ គឺកំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំង។

វីដេអូមានរយៈពេល ប្រមាណ២នាទី របស់តារាប្រុសលោក ​ដួង សុខគា ទាក់ទងនឹងរឿងចោលសំរាម ដែលមានន័យបំផុសមហាជន ឲ្យមានការទុកដាក់សំរាម មានសណ្តាប់ធ្លាប់នេះបច្ចុប្បន្នកំពុង តែទទួលបានការគាំទ្រពីសំណាក់មហាជន។ មិនតែប៉ុណ្ណោះក៏មានការចែករំលែក យ៉ាងព្រោងព្រាត នៅលើបណ្តាញសង្គមភ្ជាប់ជាមួយអត្ថន័យអប់រំ ផងដែរ។

នៅក្នុងវីដេអូនោះ គេឃើញលោក ដួង​ សុខគា បានលើកនិយាយពីបញ្ហាសំរាម ដែលត្រូវបានគេបោះចោល នៅលើសួនស្មៅ តាមទីសាធារណៈ ដោយលោកចាត់ទុកទង្វើរបែបនេះ គឺជាការធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពទីសារធារណៈ។ ម្យ៉ាងទៀតតាមន័យនេះលោក សុខគា ក៏មានចេតនាបំផុស ដល់មហាជនឲ្យត្រូវប្រកាន់ភ្ជាប់ នូវអនាម័យទៀតផង។

សូមបញ្ជាក់ថា កន្លងមកមិនត្រឹមតែលោក ដួង​ សុខគា ម្នាក់នោះទេ ដែលបានធ្វើវីដេអូបំផុស ពីការទុកដាក់សំរាមឲ្យមានសណ្តាប់ធ្លាប់នោះ គឺធ្លាប់មានអ្នកសិល្បៈ និងមហាជនមួយ​ចំនួនមកហើយ ដែលតែងលើកនិយាយអំពីបញ្ហាមួយនេះ រួមទាំងអំពាវនាវ ដល់មហាជនខ្មែរទៀតផង៕