(ភ្នំពេញ)៖ តារាចម្រៀងស្រីសំឡេងស្រទន់ និងមានកេរ្តិ៍ឈ្មោះល្បី អ្នកនាង សុគន្ធ និសា គេសម្គាល់ឃើញថា នាងជាតារាចម្រៀងមួយដួង ដែលមានប្រជាប្រិយភាព និងមានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន ទោះបីជាមាននាងមានប្ដីរួចហើយក្ដី។ យ៉ាងណាមិញ ក្រៅពីអាជីពជាតារាចម្រៀងហើយនោះ សុគន្ធ និសា ហាក់មានសន្ទុះការងារសិល្បៈខ្ពស់ ក្នុងការទទួលបានឱកាស សម្ដែងក្នុងខ្សែភាពយន្ត ខណៈរឿងដំបូង របស់ខ្លូន «សិសិររដូវក្នុងបេះដូង» ទទួលបានជោគជ័យ និងមានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន ហើយនោះ ពេលនេះ សុគន្ធ និសា ទទួលបានឱកាសសម្ដែងក្នុងខ្សែភាពយន្តថ្មី មួយរឿងទៀតផងដែរ។

ជាការពិតណាស់ បើតាមប្រភពច្បាស់ការមួយបានបង្ហើបឲ្យដឹងថា តារាចម្រៀងទឹកមុខស្រទន់ រូបនេះ ត្រៀមលេចមុខក្នុងរឿងភាគ ថ្មី ដែលជាការនិពន្ធ របស់លោក ខាំ ភូរិ ដែលជាអ្នកនិពន្ធ ដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ មួយរូប។ ទន្ទឹមគ្នានេះដែរ រឿងភាគថ្មី ដែលមានអ្នកនាង សុគន្ធ និសា បានចូលរួមសម្ដែងនេះ នឹងចាប់ផ្ដើមថត​នៅក្នុងពេលឆាប់ៗនេះ ប៉ុន្តែនៅមិនទាន់ មានការបង្ហាញប្រាប់ឲ្យដឹងពីចំណងជើង នៃរឿងនេះ នៅឡើយទេ ដោយគ្រាន់តែដឹងថា តួប្រុសសម្ដែងក្នុងរឿងភាគថ្មីនេះ រួមមានលោក ឆន សុវណ្ណរាជ និងលោក ហ្សូណូ និងតារាល្បីៗ ជាច្រើនដួងទៀតផងដែរ។

គួរបញ្ជាក់ថា ដោយសារតែ សុគន្ធ និសា មានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ និងមានទឹកមុខស្រគត់ស្រគំ និងមានសមត្ថភាពអាចសម្ដែងរឿង បានល្អមិនចាញ់តារាសម្ដែងអាជីព ទើបធ្វើឲ្យនាងមានឱកាស​ក្ដោបក្ដាប់បានការសម្ដែង នៅក្នុងរឿងភាគថ្មីមួយនេះ៕