(ភ្នំពេញ)៖ គុនខ្មែរកីឡាករ ឡៅ ចិត្រា បានត្រឹមឈ្នះពិន្ទុកីឡាករថៃ ខុមភិឈិត ខណៈមិត្តរួមជាតិ កីឡាករ ព្រឿង សុជាតិ បានចាញ់ពិន្ទុកីឡាករថៃ យ៉តផាយ៉ាក ក.អឌិសន ក្នុងប្រភេទទម្ងន់ ៦១គីឡូក្រាម នៃការប្រកួតក្នុងកម្មវិធីប្រដាល់ដណ្តើមខ្សែក្រវាត់ CARABAO រដូវកាលទី៥ កាលពីថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នាសង្វៀនបាយ័នស្ទឹងមានជ័យ។

ក្នុងការប្រកួតដ៏ស្វិតស្វាញរវាងកីឡាករ ព្រឿង សុជាតិ ជាមួយកីឡាករថៃ យ៉តផាយ៉ាក ក.អឌិសន ព្រឿង សុជាតិ បានប្រើក្បាច់កែងវាយកីឡាករថៃ បែកឈាមនៅចុងទឹកទី២ គ្រាដែលកីឡាករថៃ យ៉តផាយ៉ាក ក.អឌិសន ក៏បានវាយឲ្យកីឡាករ ព្រឿង សុជាតិ បែកឈាមដូចគ្នានៅទឹកទី៣ តែចប់ការប្រកួតអាជ្ញាកណ្តាលបានផ្តួលឲ្យកីឡាករថៃ យ៉តផាយ៉ាក ក.អឌិសន ឈ្នះកីឡាករ
ព្រឿង សុជាតិ ដោយពិន្ទុ។

សម្រាប់ការប្រកួតរវាងកីឡាករ ឡៅ ចិត្តា ជាមួយកីឡាករថៃ ខុមភិឈិត បានបញ្ចប់ទៅពេញ ៥ទឹក ខណៈការផ្តួលពិន្ទុរបស់លោកអាជ្ញាកណ្តាលបានផ្តលឲ្យកីឡាករ ឡៅ ចិត្រា ឈ្នះកីឡាករថៃ ខុមភិឈិត ដោយពិន្ទុក្រោយពេលកីឡាករ ឡៅ ចិត្រា បានប្រើក្បាច់កែង និងជង្គង់វាយទៅលើដៃគូប្រកួតបានច្រើន។

គួរបញ្ជាក់ផងដែរថា នេះជាការប្រកួតជុំទី២ វគ្គសន្សំពិន្ទុនៃកម្មវិធីប្រដាល់ដណ្តើមខ្សែក្រវាត់កំពូលអ្នកប្រដាល់ម្ចាស់ជើងឯក CARABAO រដូវកាលទី៥ ដោយមានកីឡាករកម្ពុជា ៤រូបត្រូវប្រជែងជាមួយកីឡាករថៃ ៣រូបនឹងកីឡាករឡាវ ១រូប៕