(ភ្នំពេញ)៖ តារាសម្ដែងស្រីទឹកមុខស្រគត់ស្រគំ កញ្ញា ស៊ីន យូប៊ីន មួយរយៈចុងក្រោយនេះ ទីផ្សារសិល្បៈរបស់នាង ហាក់ឡើងខ្ពស់ និងក្ដោបក្ដាប់ការងារបានច្រើន ខណៈជារឿយៗ នាងតែងតែលេចមុខ​តាមកញ្ចក់ទូរទស្សន៍ក្នុងខ្សែភាពយន្តមនោសញ្ចេតនា ការថតស្ពពសម្អាងការ ជាច្រើន។ បើទោះបីជាតារាសម្ដែងរាងតូចច្រឡឹងរូបនេះ មានភាពមមាញឹកនឹងការងារសិល្បៈ ស្ទើរតែដកខ្លួនមិនរួចក្ដី ប៉ុន្តែបើងាកមកការងារសប្បុរសធម៌ តារាស្រីរូបនេះ នៅតែចូលរួមយកចិត្តទុកដាក់ ខណៈកាលពីពេលថ្មីៗនេះ កញ្ញា ស៊ីន យូប៊ីន បានប្រកាសថា ខ្លួននឹងដក ៣០ភាគរយ នៃតម្លៃការងារនូវគ្រប់ការងារទាំងអស់ បរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុប្ផា  ជា​រៀង​រាល់​ចុង​ឆ្នាំ ដែលនេះពិតជាទង្វើមួយគួរឲ្យស្ងប់ស្ងែងសម្រាប់នាង។

ជាការពិតណាស់ កាលពីពេលថ្មីៗនេះ ស្រីស្អាត ស៊ីន យូប៊ីន បាននាំយកកញ្ចប់ថវិកា ៣០% នៃ​ចំណែក​ការងារ​របស់​ខ្លួន​បរិច្ចាគដល់​មន្ទីរពេទ្យ គន្ធបុប្ផា។ មិន​ត្រឹម​តែ​បរិច្ចាគ​ថវិកា​នៅ​ពេល​នេះ​ទេ នាងក៏បាន​សន្យា​ថា នឹង​បន្ត​បរិច្ចាគ​ថវិកា​៣០%​ នៃ​តម្លៃ​ការងារ​របស់​ខ្លួន​ទាំង​អស់​ដល់​មន្ទីរពេទ្យ គន្ធបុប្ផា ជា​រៀង​រាល់​ចុង​ឆ្នាំ ទៀតផង។ ការលើកឡើង​របស់​តារា​ស្រី​ដួង​នេះ ខណៈ​នាង​កំពុង​បង្ហាញ​វត្តមាន​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក Dr. Beat Richner វិ​រៈ​បុរស​ជួយសង្គ្រោះ​កុមារ​កម្ពុជា។​

សកម្មភាពរបស់ កញ្ញា ស៊ីន យូប៊ីន ធ្វើឡើង ស្របពេលដែលប្រទេសកម្ពុជា បានបាត់​បង់នូវវីរៈបុរសដ៏អស្ចារ្យអង់អាចមួយរូប គឺស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោក Dr. Beat Richner ដែលជាបុរសគួរជាទីគោរពសម្រាប់ប្រជាពលរដ្ឋខ្មែរ ដោយលោកសុខចិត្តលះបង់កម្លាំងកាយកម្លាំងចិត្ត ស្ទើរតែពាក់កណ្ដាលជីវិតរបស់លោក ដើម្បីចូលរួម ជួយដល់កុមារកម្ពុជា និង មន្ទីរពេទ្យគន្ធបុប្ផា៕