(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំឆ្នាំ២០១៨ បានបញ្ចប់សប្តាហ៍ទី២០ ហើយ ដោយក្រុមការពារតំណែងជើងឯកបឹងកេតអែហ្វស៊ី បានបំបាក់ក្រុមអគ្គិសនីកម្ពុជា យ៉ាងចាស់ដៃនៅក្នុងលទ្ធផល ៥-០ នាថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិ។

ការប្រកួតក្នុងតង់ទី១ ម្ចាស់ផ្ទះបឹងកេត បានស៊ុតបញ្ចូលទីបាន២គ្រាប់ ដោយកីឡាករ  OIBOH JULIUS ពាក់លេខ២៧ នៅនាទីទី៣៧ និងគ្រាប់ទី២ ដោយកីឡាករ ចាន់ វឌ្ឍនាការ ពាក់លេខ១១ នៅនាទីទី៤៥ មុនពេលរកបាន ៣គ្រាប់ទៀតក្នុងវគ្គទី២ ដោយមិត្តរួមក្រុម ម៉ាត់ យ៉ាមីន ពាក់លេខ៨ នៅនាទី៦៥ គ្រាប់ទី៤ ដោយកីឡាករ ឃុន សេងថៃ ពាក់៨៣ នៅនាទីទីនៅទីទី៧៧ និងគ្រាប់ចុងក្រោយ របស់កីឡាករ SILVA CALIJURI MAYCON ROGER ពាក់លេខ១០ នៅនាទីទី៨៦។

កាលពីសប្តាហ៍មុន បឹងកេត បានយកឈ្នះព្រះខ័នរាជស្វាយរៀង ១-០ នៅកីឡដ្ឋានខេត្តស្វាយរៀង និង ២០ប្រកួតកន្លង បឹងកេត ឈ្នះ១៥ដង ស្មើ៣ដង និងចាញ់២ដង។ ចំណែកអគ្គិសនីកម្ពុជាវិញ បានយកឈ្នះក្រុម បាតតារាង វេស្ទើនភ្នំពេញ ដោយលទ្ធផល ៣-១ ក្នុងទឹកដីរបស់ខ្លួន និងឆ្លងកាត់២០ប្រកួត អគ្គិសនីកម្ពុជា ឈ្នះ២ដង ស្មើ៣ដង និងចាញ់១៥ដង។

៣ពិន្ទុបន្ថែមនេះបានធ្វើឲ្យបឹងកេត បន្តឈរនៅចំណាត់ថ្នាក់ទី២ មាន៤៨ពិន្ទុ ខណៈគូប្រជែងអគ្គិសនីកម្ពុជា ឈរនៅចំណាត់លេខ១១ និងមាន៩ពិន្ទុ៕