(ភ្នំពេញ)៖ ជាការកត់សំគាល់ សម្រាប់តារាចម្រៀងបែបយុវវ័យ អ្នកនាង ពេជ្រ សោភា ត្រូវបានអ្នកគាំទ្រ ក៏ដូចជាមហាជន ប្រមើលមើល៍ឃើញថា មួយរយៈចុងក្រោយនេះ ការងារសិល្បៈរបស់នាង ហាក់កំពុងតែកាក់កបខ្លាំង ឡើងស្រឺតដូចកាំជណ្ដើរ ទាំងការចេញបទចម្រៀង និងតំណាងផលិតផលរបស់ក្រុមហ៊ុន ពាណិជ្ជកម្មធំៗ។ ប៉ុន្តែផ្ទុយ ចំពោះរឿងរ៉ាវស្នេហាវិញ សម្រាប់តារាចម្រៀង ពេជ្រ សោភា ត្រូវបានគេមើលឃើញថា នាងជួបប្រទះនូវការបរាជ័យផ្ទួន បើទោះបីជាពេលនេះ នាងកំពុងតែសាងភាពផ្អែមល្ហែម ជាមួយតារាសម្ដែងលោក ឆឹម សក្កដា ក៏ពិតមែន ខណៈដែលមហាជនបានគិតថា នេះជាស្នេហាក្លែងក្លាយ។

ជាការពិតណាស់ តារាចម្រៀងស្រីស្រស់ ពេជ្រ សោភា ក្តាប់បានឱកាសថតស្ពតពាណិជ្ជកម្មធំៗនេះ ធ្វើឲ្យនាងអាចរកចំណូលបានប្រាក់ រាប់ម៉ឺនដុល្លារបន្ថែមទៀត លើអាជីពចម្រៀង ក្រោយពេលដែលនាងលេចមុខក្នុងស្ពត Oppo, Sunsilk, ម្សៅស៊ុបខ្នរ និងគ្រឿងសម្អាងមួយចំនួនទៀត នៅរយៈពេលចុងក្រោយនេះ ទើបធ្វើឲ្យសោភា កាន់តែមានយីអ៊ុនល្អ ត្រូវប៉ាន់ទាំងអាជីពចម្រៀង និងស្ពតព្រមគ្នា។

គេនៅចាំបានថា ពេជ្រ សោភា បានចែកផ្លូវគ្នាជាមួយអតីតប្តី ជាទាហានអាកាសអាមេរិក គឺលោក ឡៅ ឆលី កាលពីឆ្នាំ២០១៦ បន្ទាប់ពីនាងបែកបាក់ អតីតគូដណ្តឹងប្រុសអាមេរិក យ៉ាងចម្រូងចម្រាស កាលពីឆ្នាំមុនដែរ ដែលធ្វើឲ្យនាងបាក់ទឹកចិត្ត កើតជំងឺឈាមសស៊ីឈាមក្រហម ត្រូវព្យាបាលយ៉ាង យកចិត្តទុកដាក់ នៅមន្ទីរពេទ្យមួយឯប្រទេសថៃ។

ទោះជាយ៉ាងណា ជំងឺរបស់ ពេជ្រ សោភា បានធូរស្រាលច្រើនហើយ នៅពេលដែលនាងត្រូវបាន ថ្នមថែ ដោយប្រុសក្មេងរូបសង្ហា ឆឹម សក្កដា ក្រោយពីអ្នកទាំង២ បានប្រកាសសារភាពស្នេហ៍ ជាចំហរៀងៗខ្លួននោះ។ ប៉ុន្តែស្នេហានេះមិនត្រូវបានគេជឿជាក់ឡើយ ហើយបែរជាមានមហាជនលើកឡើងថា នាងសម្តែងល្ខោនស្នេហ៍ ដើម្បីឲ្យសក្កដា បានល្បីឈ្មោះតែប៉ុណ្ណោះ។

បើយោងតាមប្រភព ដែលស្និទ្ធនឹង ពេជ្រ សោភា បានទម្លាយថា គ្មានមង្គលការសោភា-សក្កដា កើតឡើងនោះទេ ព្រោះថា សក្កដា គ្មានអារម្មណ៍ស្រឡាញ់មនុស្សស្រីឡើយ។ យ៉ាងណាមិញ ពេជ្រ សោភា ហាក់មិនខ្វល់រឿងគេរិះគន់លើរូបនាងថា លេងស្នេហ៍ «ក្លែងក្លាយ» តែនាងបានប្រកាសជាចំហថា នឹងត្រៀមរៀបការជាមួយសក្កដា នាពេលខាងមុខនេះ ព្រោះថាឪពុកម្តាយទាំងសងខាងបានឯកភាពគ្នាអស់ទៅហើយ៕