(ញូវយ៉ក)៖ កីឡាករជើងខ្លាំងវ៉ៃមិនដែលចាញ់ Floyd Mayweather បានប្រកាសថា រូបគេនឹងចាកចេញពីការចូលនិវត្តន៍ ដើម្បីប្រកួតជាមួយខ្លាកំណាចប្រចាំអាស៊ី Manny Pacquiao ម្តងទៀតនៅចុងឆ្នាំ២០១៨ នេះ ដែលជាការជួបគ្នាលើកទី២ រវាងអ្នកទាំងពីរ។

បុរសវ័យ៤១ឆ្នាំ ជនជាតិអាមេរិក Floy Mayweather បានបង្ហោះនៅលើ Instagram របស់ខ្លួនកាលពីថ្ងៃសៅរ៍ថា «ខ្ញុំនឹងវិលមកកាន់ទីលានឆាប់ៗនេះ ហើយគូប្រជែងទី១របស់ខ្ញុំ គឺកីឡាករ Manny Pacquiao ដែលកំពុងស្ថិតក្នុងការចរចាគ្នានៅឡើយ ជាមួយនឹងទំហំទឹកប្រាក់ ៩ខ្ទង់ផងនោះ»

Floyd ជាម្ចាស់ខ្សែក្រវាត់ពិភពលោក WBC (World Boxing Championship) ដែលបានរក្សាប្រវត្តិប្រកួត ៥០ដង មិនដែលចាញ់ និងស្មើឡើយបានយកឈ្នះកីឡាករហ្វីលីពីន វ័យ៣៩ឆ្នាំ Manny Pacquiao កាលពីឆ្នាំ២០១៥ ដោយពិន្ទុមិនឯកច្ឆន្ទក្នុងការប្រកួត ១២ទឹកពេញនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក និងបានប្រកាសចូលនិវត្តន៍ តែម្តង។

តែក្រោយមក Floyd បានសម្រេចចិត្តមកវិញក្នុងឆ្នាំ២០១៧ ដោយបានផ្តួលកីឡាករគុនចម្រុះ Conor McGregor ឲ្យបង់ការប្រកួតត្រឹមទឹកទី១០ ក្នុងការប្រកួត១២ទឹក ស្របពេល Pacquaio ប្រកួតចុងក្រោយក្នុងខែកក្កដា ឆ្នាំ២០១៨ ដោយបានផ្ដួលកីឡាករអាហ្សង់ទីន Lucas Matthysse ឲ្យបោះបង់ការប្រកួតក្នុងទឹកទី៧ និងដណ្តើមបានខ្សែក្រវាត់ WBA ថែមទៀតផង៕