(ភ្នំពេញ)៖ ក្រុមជើងឯកលីគកំពូលកម្ពុជា ៣ជំនាន់ បឹងកេតអែហ្វស៊ី បានបង្ហាញទីតាំងត្រៀម​សាងសង់កីឡដ្ឋានផ្ទាល់ខ្លួនហើយ ខណៈគ្រោងចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខ។ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សមគាល់ ក្លឹបទើបប្ដូរម្ចាស់ថ្មីនេះ បានកំណត់ទីតាំងចំនួន ២ ដើម្បីធ្វើកីឡដ្ឋានផ្ទាល់ ដោយមួយនៅភ្នំពេញ និងមួយទៀតនៅខេត្តកំពង់ចាម។

លោក បែ មករា អ្នកចាត់ការទូទៅក្រុមបឹងកេតអែហ្វស៊ី បានបង្ហើបថា សម្រាប់ទីតាំងភ្នំពេញ គឺម្ចាស់ក្លឹបថ្មីលោកស្រី ពុទ្ធ ធីតា បានសម្រេចជ្រើសរើសយកដីមួយកន្លែងស្ថិតនៅសង្កាត់បឹងស្នោរ  ខណ្ឌច្បារអំពៅ សម្រាប់សាងសង់ ដែលជាគម្រោងទី១ នឹងត្រូវសាងសង់មុនក្នុងពេលឆាប់ៗខាងមុខ ដើម្បីត្រៀមរដូវកាលថ្មី និងរដូវកាលបន្ទាប់។

ក្រោយបញ្ចប់ការសាងសង់កីឡដ្ឋាន គម្រោងទី១ នៅភ្នំពេញ ក្លឹបនឹងបន្ដសាងសង់កីឡដ្ឋានគម្រោងទី២ នៅខេត្តកំពង់ចាម ដែលការដាក់ផែនការសាងសង់កីឡដ្ឋានម្ដងពីរនេះ គឺដើម្បីផ្ដល់ភាពងាយស្រួលក្នុងការហ្វឹកហាត់ ពិសេស​ពេលធ្វើការប្រកួតក្នុងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក បែ មករា ហើយលោករំពឹងថា ក្លឹបបឹងកេត នឹងកាន់តែរីកចម្រើនមួយកម្រិតទៀត ក្រោយមានកីឡដ្ឋានផ្ទាល់ខ្លួន។

គួរបញ្ជាក់ថា រយៈពេល ៧ឆ្នាំមកហើយ បន្ទាប់ពីចូលរួមលីគកំពូលកម្ពុជា ក្រុមមានប្រភពពីខេត្តកំពង់ចាមខាងលើ គឺបានប្រើប្រាស់ទីលានដោយខ្ចីគេ មិនទាន់មានទីលានផ្ទាល់ខ្លួននោះទេ តែក្រោយធ្វើការផ្លាស់ប្ដូរម្ចាស់ក្លឹបថ្មី គឺលោកស្រី ពុទ្ធ ធីតា បានត្រៀមថវិកាដ៏ច្រើន ក្នុងការអភិវឌ្ឍន៍ និងសាងសង់កីឡដ្ឋានផ្ទាល់ខ្លួន ដើម្បីជំរុញក្លឹបកំពុងឈរលេខ២ ក្នុងលីគឆ្នាំ២០១៨ ឲ្យកាន់តែមានសក្ដានុពល និងខ្លាំងទាំងថ្នាក់ជាតិ និងអន្ដរជាតិបន្ថែមទៀត៕