(ភ្នំពេញ)៖ តារាចម្រៀងសំនៀងស្រទន់ មុខមានមន្តស្នេហ៍ ដើមទ្រូងមូលក្បំគួរជាទីទាក់ទាញក្រសែភ្នែកបុរសៗ គឺកញ្ញា រតនៈ ពិសី បច្ចុប្បន្នកំពុងមានប្រជាប្រិយភាពខ្លាំង មិនថាការងារសិល្បៈ ឬការងារសប្បុរសធម៌នោះទេ។ យ៉ាងណាមិញ ក្រៅពីរឿងទាំងនេះ បើងាកមកជីវិតស្នេហាវិញ នាងក៏ត្រូវបានទស្សនិកជនដឹងថា បានបែកបាក់ជាមួយនឹងគូស្នេហ៍ ដែលជាបុរសពោះម៉ាយកូនមួយ។ កាលពីសប្តាហ៍មុន ថ្លែងក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» កញ្ញា រតនៈ ពិសី បាននិយាយថា «ខ្ញុំបែកគ្នាជាមួយបុរសពោះម៉ាយកូនមួយ ដោយសារភាពសិចស៊ីរបស់ខ្ញុំ »

ជាការពិត ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា រតនៈ ពិសី បានថ្លែងប្រាប់ទស្សនិកជនជាច្រើន​ពីអាថ៌កំបាំងផ្ទាល់ខ្លួនមួយចំនួន ទាំងជីវិតគ្រួសារ និងស្នេហា តាមរយៈការសាកសួររបស់ពិធីករ-ពិធីការិនី។ ពាក់ព័ន្ធ នឹងការងារសិល្បៈ កញ្ញា រតនៈ ពិសី បានថ្លែងថា បទចម្រៀងដែលផ្ទុះធ្វើឱ្យទស្សនិកជនស្គាល់នាងច្រើន គឺមានពីរបីបទ មានទាំងបទ Origenal និងបទបរទេសដែលកំពុងតែល្បីមកច្រើន ព្រោះត្រូវចិត្តយុវវ័យ។ តាមរយៈការច្រៀង និងក្បាច់រាំ នាងមានការច្នៃដើម្បីឱ្យប្លែកក្នុងកម្មវិធីនីមួយៗ។

ក្រៅពីសិល្បៈ ងាកមករករឿងរ៉ាវស្នេហាវិញ ស្រីស្រស់សម្រស់ផូរផង់ រតនៈ ពិសី បានថ្លែងបន្តថា បច្ចុប្បន្ននាងនៅទំនេរ ហើយពេលខ្លះបង្ហោះសារ Drama ក្នុងបណ្តាញសង្គម ព្រោះតែចង់រំសាយអារម្មណ៍ក្រៀមក្រំ ព្រោះនៅម្នាក់ឯងយូរពេក។ ពេលខ្លះសារទាំងនោះ ក៏ត្រូវនឹងសាច់រឿង ផ្ទាល់ខ្លួនផងដែរ ខណៈមួយរយៈក្រោយនេះ ទើបតែបែកគ្នាជាមួយគូស្នេហ៍ ដោយសាររស់នៅមិនចុះសំរុងជាមួយគ្នា។

រតនៈ ពិសី បានបន្តថា «គូស្នេហ៍ ដែលនាងបែកនោះ គឺជាបុរសពោះម៉ាយកូនមួយ ហើយនាងនិងកូនរបស់គូស្នេហ៍នាង គឺត្រូវគ្នាណាស់ តែបែកគ្នានេះដោយសារតែមានរឿងរវាងនាងនិងគូស្នេហ៍។ បើទោះបីជា​ស្រឡាញ់គ្នាអស់រយៈពេលបីឆ្នាំមកហើយក្តី តែគូស្នេហ៍នាងមិនយល់ពីនាងជាអ្នកសិល្បៈ ហេតុនេះទើបបែកគ្នា ព្រោះចំណងចំណូលចិត្តនាង ចូលចិត្តសិចស៊ី ហើយគូស្នេហ៍នាងមិនចូលចិត្តសិចស៊ី»

រតនៈ ពិសី បញ្ជាក់ថា អតីតគូស្នេហ៍របស់នាង ពោះម៉ាយ១០ឆ្នាំមកហើយ ខណៈកាលដែលនាងស្រឡាញ់គ្នា គឺលោកទើបតែពោះម៉ាយ៨ឆ្នាំទេ ហើយមានតួនាទីជាមន្រ្តីរាជយោធាជាវិជ្ជបណ្ឌិតផងដែរ។ តែបច្ចុប្បន្ន នាងហាក់ក្រៀមក្រំ និងឯកាខ្លាំង ព្រោះនៅទំនេរយូរពេក ប្រហែលចង់រកបុរសជិះសេះសណាស់ម្នាក់ មកស្អំបេះដូងហើយ ខណៈជានិច្ចកាលរាល់ពេលបង្ហោះសារឯកាក្នុងបណ្តាញសង្គមមិនបុរសមិនតិចទេ ជួយលើកទឹកចិត្ត។

បើងាកមកជីវិតគ្រួសារ រតនៈ ពិសី គឺជានារីកំព្រាឪពុក ដោយនាងមានតែម្តាយម្នាក់ទេ ព្រោះឪពុករបស់នាង​បានស្លាប់រយៈពេល ៧ឆ្នាំមកហើយ។ ក្នុងនាមជាកូន អស់ពីឪពុកទៅ រតនៈ ពិសី បានតបស្នងសងគុណអ្នកម្តាយជាទីគប់ចិត្ត ស័ក្ដិសមជាកូនល្អ។ ទោះបីយ៉ាងណា តារាស្រីរូបនេះ នៅតែតស៊ូ គ្រប់បែបយ៉ាង ទាំងការសាងជីវិតគ្រួសារឱ្យមានសុភមង្គល និងការងារសិល្បៈជោគជ័យ៕