(ភ្នំពេញ)៖​ ក្រុមអត្តពលិកកីឡារាំជម្រើសជាតិកម្ពុជា បានធ្វើឲ្យអន្ដរជាតិភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយដណ្ដើមបានមេដាយកម្រិតអាស៊ី ៥គ្រឿងក្នុងព្រឹត្តិការណ៍ចំនួនពីរ លើទឹកដីទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីចុងសប្ដាហ៍កន្លងទៅ ស្របពេលនេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធកីឡារាំកម្ពុជា បានបញ្ជូនអត្តពលិករបស់ខ្លួនចូលរួមប្រកួតលើឆាកអន្ដរជាតិ និងទទួលបានសមិទ្ធិផលល្អដូច្នេះ។

លោកស្រី ស៊ីវ ឡេង អគ្គលេខាធិការរង នៃសហព័ន្ធកីឡារាំកម្ពុជា បានឲ្យដឹងពីទីក្រុងហុងកុងថា បេសកកម្ម​ចូលរួមប្រកួតអន្ដរជាតិលើកដំបូងនេះ គឺបែងចែកការប្រកួតជា ២ព្រឹត្តិការណ៍ កាលពីថ្ងៃទី១៤-១៥ ខែកញ្ញា  ទី១ គឺប្រកួតជ្រើសរើសជើងឯកអាស៊ី ADSF Asian Dance Sport Championship 2018 និងទី២ គឺការប្រកួតលក្ខណៈអន្ដរជាតិ Asian Hong Kong Open 2018។ ជាលទ្ធផលការប្រកួតជើងឯកអាស៊ី គឺកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ១ ដោយកីឡាករ  ច័ន្ទ វ៉ិចទ័រ និងកីឡាការិនី ព្រាប ដានីអែលឡា លើវិញ្ញាសារាំគូចង្វាក់ Cha Cha Cha ខណៈវិញ្ញាសានេះមានអត្តពលិកចំនួន ១៤ប្រទេសចូលរួម។

ចំណែកការប្រកួតក្នុងព្រឹត្តិការណ៍ Asian  Hong Kong Open 2018 វិញ កីឡាករ ច័ន្ទ វ៉ិចទ័រ និងកញ្ញា ព្រាប ដានីអែលឡា ដដែលធ្វើបានកាន់តែល្អ ដោយដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសា 5-dance ដោយមាន ៩ប្រទេសចូលរួម។ រីឯកីឡាករ សេង សុគីម ប្រកួតវិញ្ញាសាឯកត្តជនរាំចង្វាក់ Cha Cha Cha ដណ្ដើមបានមេដាយប្រាក់ ១ និងរាំចង្វាក់ Rumba ទទួលបានមេដាយសំរឹទ្ធ ១ ស្របពេលកីឡាករ ម៉ូវ ដាវីន និងកីឡាការិនី ម៉ូវ ដានីតា ចាំគូគ្នាប្រកួតវិញ្ញាសាចង្វាក់ Cha Cha Cha បែប Jive គឺទទួលមេដាយសំរឹទ្ធ ១ ដែលសរុបមកកម្ពុជា ដណ្ដើមបានមេដាយមាស ១, ប្រាក់ ១ និងសំរឹទ្ធ ៣ ឯណោះ។

សូមបញ្ជាក់ថា បេសកកម្មនេះ សហព័ន្ធកីឡារាំកម្ពុជា បានបញ្ជូនប្រតិភូ និងគ្រូ ២នាក់ រួមទាំងកីឡាករ-​កីឡាការិនីវ័យក្មេងសរុប ៩នាក់ ទៅចូលរួមប្រកួត ជាមួយបណ្ដាប្រទេសប្រមាណជិត ៤០ប្រទេស នៅទីក្រុងហុងកុង កាលពីថ្ងៃទី១៣ ខែកញ្ញាកន្លងទៅ ហើយតាមគម្រោង បន្ទាប់ពីបញ្ចប់ការប្រកួតទាំងស្រុង ក្រុមអត្តពលិកកីឡារាំកម្ពុជា ត្រូវធ្វើដំណើរមកមាតុភូមិវិញ នៅថ្ងៃអាទិត្យម្សិលមិញ តែដោយសារមានព្យុះ ជើងយន្ដហោះត្រូវធ្វើដំណើរមកកម្ពុជា ក៏ពន្យាមកដល់ថ្ងៃច័ន្ទនេះវិញ តែតាមគម្រោងមកដល់កម្ពុជា នាវេលាម៉ោង ១១៖៣០នាទីយប់នេះ៕