(ភ្នំពេញ)៖ កំពូលតារាចម្រៀង សំឡេងស្រទន់ និងមានរូបសម្រស់ស្រស់ស្អាត ប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី គេសង្កេតឃើញថា នាងហាក់ដូចជាមានភាពល្បីល្បាញ កាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាមិញ តារាស្រីដួងនេះ តែងតែបញ្ចេញនូវបទចម្រៀងថ្មីៗ បែបមនោសញ្ចេតនាកំសត់ៗ សម្រាប់ជាចំណីអារម្មណ៍ ចែកជូនដល់ទស្សនិកជន ខណៈកាលពីថ្មីៗនេះ នាងបានបញ្ចេញនូវ Full MV នៃបទចម្រៀងមួយបទទៀតហើយ ជាបទកំសត់ មានចំណងជើងថា «ចង់ក្លាយជាអ្នកចម្រៀង» កំពុងតែទទួលបានការគាំទ្រ ក៏ដូចជាចាប់អារម្មណ៍ខ្លាំងមែនទែនពី សំណាក់ទស្សនិកជន ជាពិសេសនោះ គឺអ្នកដែលចង់ក្លាយខ្លួនជា តារាចម្រៀងតែម្ដង។

ជាការពិតណាស់ «ចង់ក្លាយជាអ្នកចម្រៀង» គឺជាបទចម្រៀង បែបមនោសញ្ចេតនា រៀបរាប់ពីជីវិត អ្នកដែលមានបំណងចង់ក្លាយជាអ្នកចម្រៀង តែដោយសារមុខមាត់របស់ខ្លួនមិនស្អាត ពេលខ្លះក៏បាក់ទឹកចិត្ត ដោយសារពាក្យគេពេបជ្រាយ និន្ទាថា មុខមាត់មិនសមជាតារា ប៉ុន្តែទោះជាយ៉ាងណា ត្រូវតែតស៊ូ ដើម្បីក្ដីស្រមៃមួយនេះ។

យ៉ាងណាមិញ ចំពោះ Full MV ព្រមទាំង អត្ថន័យ នៃបទចម្រៀងមួយបទនេះ ជាការបកស្រាយរបស់ ស្រីស្រស់សម្រស់ប្រៀបបាននឹងបុប្ផា ដែលបុរសណាក៏ប្រាថ្នាចង់បាន យកមកថ្នាក់ថ្នម កញ្ញា សុខ ពិសី កំពុងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំងមែនទែនពីសំណាក់ទស្សនិកជន ពិសេសមិត្តៗយុវវ័យ ខណៈបទនេះ ចេញជា Full MV បង្ហោះចូលនៅក្នុងបណ្ដាញសង្គមមិនទាន់បានប៉ុន្មាន ក៏មានអ្នកចូលទស្សនា យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅហើយ។

តោះ! ចង់ដឹងថា សាច់រឿង ព្រមទាំង អត្ថន័យ នៃបទចម្រៀង «ចង់ក្លាយជាអ្នកចម្រៀង» របស់ស្រីស្រស់ សុខ ពិសី ពីរោះ និងល្អមើលកម្រិតណានោះ សូមប្រិយមិត្តទស្សនិកជន ចូលរួមរីករាយទស្សនាទាំងអស់គ្នា៖