(ភ្នំពេញ)៖ កីឡាករ សាលី អ៊ូមើត និងកីឡាការិនី ខាន់ ចេសា ម្ចាស់មេដាយមាស និងសំរឹទ្ធ កីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី បានទទួលប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមលើប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតទៀតហើយ ដោយមានទឹកប្រាក់សរុប ១៩,០០០ដុល្លារ ដែលឧបត្ថម្ភដោយលោក ថាង ហ្គោដុន អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ពិធីប្រគល់ប្រាក់រង្វាន់នេះ បានធ្វើឡើងក្នុងដំណើរចុះត្រួតពិនិត្យការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ដំណាក់កាលទី២ គឺកីឡដ្ឋានធំ ឬ Main Stadium ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមទាំងគណៈកម្មាធិការអន្ដរក្រសួង​ ទទួលបន្ទុកសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងត្រៀមទទួលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។

ចំពោះប្រាក់រង្វាន់នេះ លោក ថាង ហ្គោដុន បានកំណត់មេដាយមាស១ ទទួលបាន ៨ពាន់ដុល្លារ និងសំរឹទ្ធ១ ទទួលបាន ៣ពាន់ដុល្លារ។ ដូច្នេះសម្រាប់ សាលី អ៊ូមើត ដែលដណ្ដើមបានមេដាយមាស១ និងសំរឹទ្ធ១ លើកីឡាម៉ូតូទឹក គឺទទួលបាន ១១,០០០ដុល្លារ ខណៈកញ្ញា ខាន់ ចេសា ម្ចាស់មេដាយមាសកីឡាជឺជិតស៊ូ១ ទទួលបាន ៨,០០០ដុល្លារ។ តំណាងលោក ថាង ហ្គោដុន បានលើកឡើងថា នេះមិនមែនជាលើកទី១ ហើយក៏មិនមែនជាលើកចុងក្រោយដែរ គឺលោកបានកំណត់ទិសដៅជួយដល់វិស័យកីឡាជាបន្ដបន្ទាប់ទៀត ពិសេសសម្រាប់អ្នកដណ្ដើមបានមេដាយលើឆាកអន្ដរជាតិ លោកនឹងប្រឹងប្រែងស្វែងរកថវិកាឧបត្ថម្ភបន្ថែម៕