(ប៉ារីស)៖ Alphonse Areola ជាកីឡាករចាំទីជម្រើសជាតិបារាំង បានបង្ហាញទម្រង់លេងបានយ៉ាងល្អ នៅពេលដែលរូបគាត់មានឱកាសជំនួសអ្នកចាំទី Hugo Lloris ក្នុងការប្រកួតក្របខណ្ឌ UEFA Nations League ២លើកកាលពីសប្តាហ៍មុន អ្វីដែលជាការកត់សម្គាល់ Alphonse Areola ជាកីឡាករម្នាក់​ដែលមានឪពុកម្តាយជាជនជាតិហ្វីលីពីន ប៉ុន្តែគាត់កើតក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

កីឡាករ Alphonse Areola ចាប់ផ្តើមលេងបាល់ដំបូងនៅក្លឹប Petits Anges បន្ទាប់មកនៅបន្តលេងក្នុងក្លឹបយក្សបារាំង Paris Saint-Germain តាំងពីឆ្នាំ២០១២ មក និងមានការខ្ចីជើងទៅកាន់ក្លឹបមួយចំនួនដូចជា INF CLairefontaine, Lens, Bastia និង Villarreal។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន Alphonse Areola មានវ័យ ២៥ឆ្នាំ លេងឲ្យក្លឹប PSG បង្ហាញខ្លួនចំនួន ៥២ដងចាប់តាំងពីឆ្នាំ២០១២ មក សម្រាប់ជម្រើសជាតិបារាំងឈុតធំវិញ គេទើបតែបង្ហាញខ្លួនបាន ២ដងប៉ុណ្ណោះក្នុងការប្រកួតក្របខណ្ឌ UEFA Nations League កាលពីពេលថ្មីៗនេះ ដោយជួយការពារបាល់មិនឲ្យមានការស៊ុតបញ្ចូលទីពីក្រុមអាល្លឺម៉ង់ ដោយបញ្ចប់លទ្ធផល ០-០ និងជួយឲ្យបារាំងឈ្នះក្រុមហូឡង់ ២-១ ផងដែរ៕