(ភ្នំពេញ)៖​ កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុស  លោក Hak Record បានផ្ទុះ ប្រតិកម្ម ទៅលើតារាចម្រៀងប្រុស លោក ខាន់ ជេមស៍ ដោយបានយកចម្រៀងរបស់ខ្លួន ទៅច្រៀងក្នុងផលិតកម្មសាន់ដេ ដោយមិនបានសុំការអនុញ្ញាតពីលោក ហើយ​ថែមទាំងបានបំពាន ដោយប្ដូរទាំងឈ្មោះអ្នកនិពន្ធ ទំនុកច្រៀង Melody និងប្ដូរចំណងជើងថែមទៀតផង។ ប៉ុន្តែ​ចំពោះសាច់ភ្លេង និងទំនុកច្រៀង គឺដូចគ្នាតែម្ដង ទើបធ្វើឲ្យលោក ផ្ទុះប្រតិកម្មភ្លាមៗ បែបនេះ។

ជាការពិតណាស់ ចំពោះបទចម្រៀង ដែលលោក ខាន់ ជេមស៍ បកស្រាយនៅក្នុងផលិតកម្មសាន់ដេនោះ មានចំណងជើងថា «សុំទោសដែលចាកចេញ» គឺដូចទាំងស្រុងទៅនឹង បទចម្រៀងរបស់លោក Hak Record ដោយគ្រាន់តែខុស​ចំណងជើងតែប៉ុណ្ណោះ ពោលគឺបទចម្រៀងដើម ដែលជារបស់លោក​ Hak Record គឺមានចំណងជើងថា «សុំទោស»។

ជាក់ស្ដែង លោក Hak Record បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួន យ៉ាងដូច្នេះថា «តើបងឯង (ខាន់ ជេមស៍) យកបទខ្ញុំទៅច្រៀង មានសុំការអនុញ្ញាតពីខ្ញុំមួយម៉ាត់ដែរទេ? តើមានយល់ពីខ្ញុំទេ? បើច្រៀងទៅខ្ញុំក៏មិនថាអីដែរ តែបងបំពានខ្ញុំ ដាក់ឈ្មោះអ្នកនិពន្ធទំនុកច្រៀង និង Melody ដោយអ្នកផ្សេង ហើយប្ដូរចំណងជើងខ្ញុំទៀត។ បែបនេះហៅថា មើលងាយខ្ញុំហើយ»

«សុំទោស» ជាបទចម្រៀងរបស់លោក Hak Record ដែលលោកបានចេញប្រមាណជាង១ឆ្នាំមកហើយ ស្រាប់តែថ្មីៗនេះ ត្រូវបានលោក ខាន់ ជេមស៍ យកទៅបកស្រាយបន្ត ដោយធ្វើជាចម្រៀងរបស់ខ្លួន ធ្វើឲ្យលោក Hak Record ក្ដៅស្លឹក​ត្រចៀកផ្ទុះកំហឹងតែម្ដង។

គួរបញ្ជាក់ថា លោក Hak Record និងលោក ខាន់ ជេមស៍ ជាតារាចម្រៀងពីរដួងដែលមានប្រជាប្រិយភាព និងទទួល​បានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនដូចគ្នា៕