(ភ្នំពេញ)៖ តារាចម្រៀង និងតារាសម្ដែង ស្រីស្រស់ស្អាតទាំង៣ដួងនេះកំពុងតែក្លាយទៅជា អ្នកជំនួញវ័យក្មេង ដែលហាក់មមាញឹកខ្លាំង ខណៈម្នាក់ៗកំពុងតែបង្កើត នូវមុខរបរបន្ថែម ពីលើការងារសិល្បៈ មានដូចជា ហាងលក់ផលិតផល គ្រឿងសម្អាង លក់សម្លៀកបំពាក់ និងហាងលក់អាហារជាដើម។ ជាមួយគ្នានេះ ងាកមកមើលជីវិតស្នេហា របស់តារាស្រីទាំង៣ដួងនេះ ក៏មានលក្ខណៈ ផ្អែមល្ហែម ទទួលបានការយកចិត្តទុកដាក់ ពីគូស្នេហ៍របស់ខ្លួន មិនធម្មតាដែរ ទោះបីជាពួកគេ មិនទាន់ចូលរោងការ បន្លឺសំឡេងបទបាយខុនចងដៃ ក្រាបក្បាលដល់កន្ទេល រៀបមង្គលការតាមប្រពៃណីខ្មែររួចរាលហើយក្ដី។ តារាស្រីល្បីៗទាំង៣ដួងនោះ រួមមានដូចជា កញ្ញា ទេព បូព្រឹក្ស, កញ្ញា ម៉ាក សែន សូនីតា និងកញ្ញា អៀ ម៉េងលិ។

១. ទេព បូព្រឹក្ស៖ តារាចម្រៀងស្រីសិចស៊ី រូបនេះ មិនត្រឹមតែកាក់កប និងមានឈ្មោះល្បីល្បាញខ្លាំង ក្នុងសិល្បៈនោះទេ គេសង្កេតឃើញថា នាងកាន់តែកាក់កបខ្លាំងថែមទៀម ទៅលើការធ្វើជំនួញ បន្ទាប់ពី បានបើកហាងផ្ទាល់ខ្លួន បន្ថែមពីលើការងារសិល្បៈ ដោយហាងទី១ ជាប្រភេទលក់គ្រឿងសម្អាង និងហាងមួយទៀតប្រភេទ ហាងលក់សម្លៀកបំពាក់ មានឈ្មោះ «Dit-Way» ដែលបានបណ្ដាក់ទុនរួមគ្នា ជាមួយនឹង កំឡោះសង្ហារ G-Devith ជាគូស្នេហ៍។ បើក្រឡេកមកចាប់អារម្មណ៍ ពីទំនាក់ទំនងស្នេហា របស់តារាស្រីប្រុសវ័យក្មេង ដែលនិយមលេងស្ទីល តែងខ្លួនបែបបរទេស កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត ហៅ G-Devith វិញ កាន់តែមានភាពផ្អែមល្ហែមខ្លាំងឡើង ពីមួយថ្ងៃទៅមួយ ដោយពួកគេ បានប្រកាសនូវចំណងស្នេហ៍របស់ខ្លួន ជាសាធារណៈ ហើយបើគិតមកដល់ថ្ងៃនេះ ស្នេហាកម្លោះក្រមុំទាំង២ គឺបានផ្ដើមពន្លកស្នេហ៍ នឹងចាប់ដៃគ្នាសាងអនុស្សាវរីយ៍ បានរយៈពេល២ឆ្នាំមកហើយ។

២. ម៉ាក សែនសូនីតា៖ ក៏កំពុងមានភាពមមាញឹក ក្នុងវិស័យសិល្បៈ ដូចជាការសម្ដែងរឿង និងថតស្ពតអាពាហ៍ពិពាហ៍ ដោយសារតែនាងមានទឹកមុខ ក្រមិចក្រមើម គួរឲ្យស្រឡាញ់ហើយក៏ជាអ្នកជំនួញវ័យក្មេង ប្រកបដោយភាពប៉ិនប្រសព្វុ។ គេសង្កេតឃើញថា មុខជំនួញរបស់នាង កាន់តែមានភាពជោគជ័យខ្លាំង ដោយទទួលបានអតិថិជនគាំទ្រច្រើន ជាមួយនឹងមុខម្ហូបនៅហាង «ផែសមុទ្រ» ។ ហាង «ផៃសមុទ្រ» មួយនេះ គឺជាការចូលហ៊ុនគ្នារវាងលោក ប៉ុល វិបូ និង ម៉ាក សែនសូនីតា ដែលជាគូស្នេហ៍នឹងគ្នា ប៉ុន្តែលោកបានឲ្យ តូតា ជាអ្នកកាន់កាប់ផ្ទាល់តែម្ដង។ បើក្រឡេកមកចាប់អារម្មណ៍ ពីជីវិតស្នេហារបស់ស្រីស្រស់រូបនេះវិញ នាងបានសាងស្នេហ៍ជាមួយនឹងលោក ប៉ុល វិបូ អតីតអគ្គនាយករង ស្ថានីយទូរទស្សន៍ CTN និងជាម្ចាស់ផលិតកម្ម Angkor picture នាពេលបច្ចុប្បន្ននេះ ជាយូរមកហើយ។ យ៉ាងណាមិញ អ្នកទាំងពីរតែងតែបង្ហាញភាព ផ្អែមល្ហែម​ជារឿយៗ ខណៈទៅណាមកណា គូស្នេហ៍មួយគូនេះ តែងតែទៅជាមួយគ្នារហូត ជាពិសេសបណ្ដើរគ្នា ទៅដើរលេងកំសាន្ដ នៅតាមរមណីយដ្ឋាននានា ទាំងក្នុង និងក្រៅប្រទេស យ៉ាងផ្អែមល្ហែមទៀតផង។

៣. អៀ ម៉េងលិ៖ តារាសម្តែង ដែលនិយមស្លៀកពាក់សិចស៊ីរូបនេះ បើទោះបីជាទើបប្រឡូកចូលសិល្បៈក្ដី តែប្រជាប្រិយភាព និងសម្រស់វិញ ហាក់មានភាពលេចធ្លោខ្លាំង គួរឲ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះ ត្បិតតែនៅវ័យក្មេង តែស្រីស្រស់រូបនេះ មានជំនួញផ្ទាល់ខ្លួន រហូតទៅដល់៣នៅក្នុងដៃ ក្នុងពេលតែមួយ ពោលគឺមានដូចជា ហាងលក់ស្រាបោះដុំក្នុងស្រុក ហាងលក់អង្ករបោះដុំ ទាំងក្នុងនិងក្រៅប្រទេស និងហាងលក់ផលិតផល។ បើក្រឡេកមកចាប់អារម្មណ៍ ពីជីវិតស្នេហា ស្រីស្រស់សាច់សខ្ចី វ័យ១៩ ឆ្នាំ រូបសម្រស់ស្រស់ផូរផង់ សំដីស្រទន់ អៀ ម៉េងលិ ឯណេះវិញ គឺនាង និងគូស្នេហ៍ ដែលជានិស្សិត កំពុងបន្តការសិក្សា នៅក្រៅប្រទេស មានភាពផ្អែមល្ហែមជាមួយគ្នាខ្លាំង ខណៈដែលនាងតែងតែបង្ហាញរូបថតកៀកកើយ ឱបថើបមាត់គ្នា បង្ហោះ នៅតាមអ៊ីនធឺណែត ធ្វើឲ្យមហាជន ស្ងើចសរសើរនឹងទំនាក់ទំនង របស់នាងជាខ្លាំង។

គួរបញ្ជាក់ថា តារាចម្រៀង និងតារាសម្ដែង ទាំង៣រូបនេះ សុទ្ធសឹងតែជាតារា ដែលមានប្រជាប្រិយភាព និងទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន។ ជាពិសេសនោះ ពួកគេក៏ជាតារាស្រីវ័យក្មេង ដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យតែម្ដងរកស៊ីពេញខ្លួនផងដែរ៕