(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ តារាសម្ដែង ចាន់ស៊ី ណាវ៉ាត់ត្រា និងអ្នកនាង ឆៃ លីដាឡែន ដែលជាអ្នកមាន ស្រុកកំណើតនៅខេត្តបាត់ដំបងដូចគ្នានោះ បានចូលរួមធ្វើនូវការងារសប្បុរសធម៌ ដោយបានខ្ចប់មី មុងកន្ទេល ភួយ រួមជាមួយនឹងថវិកាមួយចំនួន ជូនដល់លោកតាចាស់២ធាក់ស៊ីក្លូ និងជនអនាថា ដែលគ្មានទីពឹង ផ្ញើខ្លួនតាមចិញ្ចើមថ្នល់ ដែលសកម្មភាពសប្បុរសធម៌នោះ គឺបានធ្វើនៅទីក្រុងភ្នំពេញ។ យ៉ាងណាមិញ ចំពោះទីកន្លែង ដែលតារាទាំង២ដួង បានយកអំណោយទៅចែកនោះ មានដូចជា នៅតាមបណ្ដោយផ្លូវ ផ្សារអូរឫស្សី ដែលភាគច្រើនមានអ្នកធាក់ស៊ីក្លូ និងជនអនាថាជាច្រើនគេង នៅតាមចិញ្ចើមថ្នល់ជាដើម។

ជាការពិតណាស់ លោក ចាន់ស៊ី ណាវ៉ាត់ត្រា និងអ្នកនាងឆៃ លីដាឡែន បានឲ្យដឹងស្របគ្នា ថាពួកគេបានខ្ចប់ជាស្រេច នូវអំណោយទាំងនោះមានជាង១០០ដុំ និងថវិកាមួយចំនួនទៀត ដែលបានមកពីប្រាក់ផ្ទាល់ខ្លួនខ្លះ​របស់អ្នកសិល្បៈដូចគ្នាជួយខ្លះ និងសប្បុរសជន ផ្ញើរមកពីក្រៅស្រុកមួយចំនួនទៀតផងដែរ។ តារាទាំង២ដួងក៏បានឲ្យដឹងទៀតថា ទោះជានេះមិនមែនជាអំណោយច្រើន គឺគ្រាន់តែជួយ ពួកគាត់បានមួយគ្រាៗមែន តែគឺជាទឹកចិត្តដែលពួកគេចង់ធ្វើ កម្មវិធីសប្បុរសធម៌ ចែករំលែកក្ដីស្រឡាញ់ ដល់បងប្អូនដែលទីទាល់ក្រ និងយកចិញ្ចើមថ្នល់ធ្វើជាកន្លែង សម្រាប់រស់នៅនោះ ហើយសកម្មភាពនេះ នឹងនៅតែបន្ដរទៅទៀត នាពេលខាងមុខ។

ទន្ទឹមនឹងគ្នានេះ ឆៃ លីដាឡែន និងប្រុសក្មេងណាវ៉ាត់ត្រា និយាយទាំងក្ដុកក្ដួលចិត្តថា បើទោះជាពួកគេគ្មានទ្រព្យ​ច្រើនហូរហៀមែន តែពេលបានធ្វើការចែកអាហារ និងសម្ភារៈទាំងនោះ ដល់ដៃលោក ដែលធាក់ស៊ីក្លូ និងគេងលើស៊ីក្លូនោះហើយ គឺមានអារម្មណ៍ថា ពួកគាត់សប្បាយចិត្តណាស់ នៅពេលដែលទទួលបានអំណោយតិចតួច តាមលទ្ធភាពដែលអ្នកទាំង២ បានធ្វើរួមគ្នានោះ ហើយអ្នកទាំង២ខ្លោចចិត្ត ព្រោះមានលោកតាៗខ្លះ វ័យរបស់គាត់ចាស់ណាស់ហើយ តែគាត់នៅតែតស៊ូ ក្នុងជីវិតដើម្បីក្រុមគ្រូសារគាត់ មកធាក់ស៊ីក្លូរកលុយផ្ញើទៅគ្រូសារទាំងលំបាក។ ហេតុនេះហើយ បានជាពួកគេ ធ្វើកម្មវិធីសប្បុរសធម៌នេះឡើង ហើយសង្ឃឹមថា នឹងមានកម្មវិធីនេះ ក្នុងពេលឆាប់ៗខាងមុខនេះទៀតដែរ៕