(ភ្នំពេញ)៖ ពិតជារឿងមួយដ៏គួរឲ្យចាប់អារម្មណ៏ ខណៈដែលតារាចម្រៀងរ៉េបវ័យក្មេង លោក ងួន ចាន់ដេវីត ហៅ G-Devith បានប្រកាស នាប៉ុន្មាននាទីមុននេះថា លោកបានដើរចេញ ពីផលិតកម្មរស្មីហង្សមាសហើយ ដែលជាទ្រនំរបស់ខ្លួន ធ្លាប់ជ្រកសាងកេរ្តិ៍ឈ្មោះ អស់រយៈពេលជាច្រើនឆ្នាំ។ បន្ទាប់ពីប្រកាសដើរចេញពីផលិតកម្ម រស្មីហង្សមាសរួចហើយ លោក G-Devith ក៏បានបញ្ជាក់ប្រាប់អ្នកគាំទ្ររបស់ខ្លួនថា លោកសុខចិត្តធ្វើជាតារាចម្រៀងឯករាជ្យ ប្រសើរជាងចូលជ្រក ក្នុងផលិតកម្មណាមួយ ដែលមានអ្នកគ្រប់គ្រងពីលើខ្លួន ជាហេតុធ្វើឲ្យលោក ពិបាកនឹងសម្របខ្លួន។

ជាការពិតណាស់ លោក G-Devith បានប្រកាសជាផ្លូវការថា នឹងចាកចេញដោយចំហរ ធ្វើជាតារាចម្រៀងឯករាជ្យ ដោយបានបង្ហោះ នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំបានចាកចេញ ដោយជំហរ ជាអ្នកចម្រៀងឯករាជ្យ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ការងារឆ្ពោះទៅកាន់បទពិសោធន៍ថ្មី ដើម្បីចែករំលែកទៅកាន់អ្នកគាំទ្រ ជាទីស្រឡាញ់ទាំងអស់គ្នា»

ហើយការចាកចេញពីទ្រនំហង្សមាស របស់លោក G-Devith បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រ កើតនូវក្ដីសង្ស័យជាច្រើន ព្រោះតែទ្រនំមួយនេះ ធ្លាប់បានសាងកេរ្តិ៍ឈ្មោះឲ្យតារាៗ រាប់រយនាក់មកហើយ ល្បីនៅក្នុងវិស័យសិល្បៈ និងជាទ្រនំធំមានលំនឹងរឹងមាំ។ ប៉ុន្តែគេមិនបានដឹងថា ការដើរចេញនេះ បណ្ដាលមកពីមូលហេតុអ្វី ឲ្យប្រាដកនោះទេ ខណៈដែលកន្លងមក លោក G-Devith ក៏ធ្លាប់មានរឿងរ៉ាវអាក់អន់ ស្រពន់ចិត្តខ្លះៗជាមួយនឹង អ្នកនាង ពេជ្រ សោភា ផងដែរ។

ជាមួយគ្នានេះ មហាជនក៏កំពុងតែរង់ចាំមើលថា តើលោកនឹងដឹកដៃគូស្នេហ៍របស់ខ្លួន គឺកញ្ញា ទេព បូព្រឹក្ស ចេញពីហង្សមាសជាមួយគ្នាដែរ ឬយ៉ាងណាទេ ព្រោះតែពួកគេទាំងពីរមិនអាច អត់នរណាម្នាក់បានឡើយ ពោលគឺទាំងការងារសិល្បៈ និងរឿងផ្ទាល់ខ្លួន ព្រោះតែអ្នកទាំងពីរស្រឡាញ់គ្នា ស្ទើរតែបេះមិនចេញទៅហើយ។

គួរំឭកថា លោក G-Devith គឺជាតារាចម្រៀងរ៉េបមួយដួង ទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់។ លោកតែងតែផលិតចេញជាបទចម្រៀងថ្មីៗ ជាស្នាដៃរបស់ខ្លួន ជាក់ស្ដែង ដូចជាបទចម្រៀង «Body» ដែលទើបនឹងចេញកាលពីមួយរយៈមុននេះ គឺទទួលបានការគាំទ្រខ្លាំង។ ដោយឡែកពាក់ព័ន្ធ ជាមួយនឹងការចាកចេញពី ហង្សមាស របស់ G-Devith គេមិនទាន់ដឹងនៅឡើយទេថា គូស្នេហ៍ របស់លោក គឺកញ្ញា ទេព បូព្រឹក្ស នឹងចាកចេញពីផលិតកម្មនេះ ទៅតាមគូស្នេហ៍ ដើម្បីផលិតចម្រៀងឯករាជ្យ ជាមួយគ្នា ឬយ៉ាងណានោះទេ៕