(ភ្នំពេញ)៖ ទើបតែលេចមុខមកច្បាស់ឡើងវិញ ក្នុងវិស័យសិល្បៈ ស្រីស្អាតសម្រស់បាន កញ្ញា អៀ ម៉េងលិ ហៅអូនម៉ី បានបង្ហាញកំហឹងខឹងក្រោធ ចំពោះតារាកំប្លែងវ័យក្មេង គឺកញ្ញា វ៉ាន នីឡា ដោយបានចោទប្រកាន់ថា នីឡា ហាក់បញ្ចេញចរិតច្រណែនឈ្នានីស ​នឹងភាពឡូយឆាយរបស់នាង ​ខុសទំនង ខណៈភាពឡូយឆាយ​ទាំងនេះ អូនម៉ី រកបានមកដោយញើសឈាមខ្លួនឯង មិនបានទើសទាល់អ្វីជាមួយនឹង វ៉ាន់ នីឡា ឡើយ។

តារាសម្តែងមានមុខមាត់ គួរឲ្យចង់គយគន់ មានសម្រស់ដូចទេពធីតា កញ្ញា អៀរ ម៉េងលិ ហៅអូនម៉ី មួយរយៈចុងក្រោយនេះ ត្រូវបានគេសង្កេតឃើញថា នាងហាក់មានសន្ទុះ ជាមួយនឹងការងារសិល្បៈ ខណៈការពង្រីកមុខជំនួញថ្មីៗបន្ថែមទៀត ក៏មានជាហូរហែ ជាពិសេសមុខរបរលក់អង្កររបស់នាង។ យ៉ាងណាមិញ អៀរ ម៉េងលិ បង្ហាញជីវិត ដ៏ឡូយឆាយរបស់នាង ដោយថ្មីៗនេះ ស្រីស្រស់ ម៉េងលិ ទើបនឹងទិញចិញ្ចៀនពេជ្រ និងរថយន្តទំនើប ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ក្រោយពីនាងបោះទុនប្រមាណ កន្លះលានដុល្លារ សម្រាប់ការបើកជំនួញថ្មីៗ។ កត្តាទាំងនេះហើយ បានធ្វើឲ្យមានមហាជនមួយចំនួន លួចច្រណែននឹងរូបនាង ដែលកើតមកមានវាសនាខ្ពស់ត្រដែត ហួសពីការស្មាន។

ជាការកត់សម្គាល់ ភាពហ៊ឺហារបស់ អៀ ម៉េងលិ បានធ្វើតារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ម្នាក់ដែរ ដោយនាងបានស៊ែរព័ត៌មាន ទាក់ទង អៀ ម៉េងលិ បង្ហោះលើគណនីហ្វេសប៊ុករបស់នាង។ ថ្មីៗនេះតារាកំប្លែង វ៉ាន់ នីឡា បានស៊ែរបន្តនូវអត្ថបទមួយ ដែលនិយាយពីកញ្ញា អៀ ម៉េងលិ ដោយក្នុងនោះនាងបានសរសេរ Caption ពីលើថា «ឡូយម៉េស គេរកស៊ីអី? បានលឿនម្ល៉េះ?»

ជាមួយនឹងសារខ្លីនេះ បានធ្វើឲ្យស្រីស្អាត អៀ ម៉េងលិ ក្ដៅចុងច្រមុះ ឆេះដុំ និងបានតបតទៅ វ៉ាន់ នីឡា ថា « អរគុណនីឡា ដែលបានចំណាយពេលដ៏មានតំលៃ មកតាមដានរឿងខ្ញុំ ពេល Share មានបានចូលអានអត្ថន័យគេចុះអត់ បានឆ្ងល់ចម្លែកម៉េស ?  សុំទោសមួយរយៈនេះទំនេរខ្លាំងមែន អត់មានអីថតមែន បើអត់មានខ្ញុំចែកឲ្យខ្លះ ខ្ញុំមានច្រើនណាស់រវល់ដកខ្លួនមិនរួចផង»។ យ៉ាងណាក៏ដោយ តារាកំប្លែង វ៉ាន់ នីឡា បានឆ្លើយតបថា នាងគ្រាន់តែឆ្ងល់ និងគ្មានចេតនាអ្វីផ្សេងទេ ហើយនាងក៏បាន លុបអត្ថបទដែលបានបង្ហោះនោះចោលហើយដែរ ព្រោះខ្ជិលមានរឿងវែងឆ្ងាយ។

គួររំឭកថា សព្វថ្ងៃនេះ អៀ ម៉េងលិ មានជំនួញបី នៅក្នុងដៃ មានដូចជាជំនួញលក់អង្ករ លក់ផលិតផលរក្សាសម្រស់ តាមអនឡាញចំណាយដើមទុនប្រមាណ ៥០០០ ដុល្លារ និងបើកលក់ស្រាបោះដុំ គ្រប់ប្រភេទដែលនាងអះអាងថា បោះទុនមិនតិចជាងកន្លះលានដុល្លារនោះទេ។ ថ្មីៗនេះ អៀ ម៉េងលិ ទើបទិញរថយន្តទំនើប និង ចិញ្ចៀនពេជ្រ មានតម្លៃរាប់ម៉ឺនដុល្លារទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានរឿងនេះផ្ទុះឡើង មានទស្សនិកជនជាច្រើន បានសំណូមពរ និងស្នើសុំឲ្យអ្នកទាំងពីរសម្រួលគ្នា បញ្ចប់រឿងត្រឹមប៉ុណ្ណឹង កុំបន្ដនាំវែងឆ្ងាយ ព្រោះសុទ្ធតែជាអ្នកសិល្បៈដូចគ្នា៕