(ភ្នំពេញ)៖ ពិតជាកម្របានឃើញណាស់ សម្រាប់អ្នកនាង មាស សុខសោភា ដែលបានមកបង្ហាញភាពស្និទ្ធស្នាល និងថតក្នុងឈុតសម្លៀកបំពាក់ប្រពៃណី មើលទៅស្រស់ស្អាតប្លែក ជាមួយនឹងតារាចម្រៀងស្រីល្បីៗ នៅក្នុងផលិតកម្មហង្សមាស មានដូចជា ឱក សុគន្ធកញ្ញា, សុគន្ធ នីសា, ពេជ្រ សោភា និងអ្នកនាង កែវ ចាន់និមល។ បញ្ហានេះត្រូវបានមហាជន ក៏ដូចជាអ្នកគាំទ្រ ដាក់ការសង្ស័យថា មាស សុខសោភា អាចនឹងចូលទៅក្នុងផលិតកម្ម រស្មីហង្សមាស ក្នុងពេលឆាប់ៗនេះក៏ថាបាន ព្រោះតែកន្លងមក ធ្លាប់លេចឮដំណឹងល្ហិចល្ហៀងថា នាងនឹងត្រៀមវេចបង្វេច ចាកចេញពីថោន ចូលហង្សមាស។

ជាការពិតណាស់ ស្ថានភាពពេលនេះ គឺស្របគ្នាទៅនឹងអ្វីដែលធ្វើឲ្យទស្សនិកជន ផ្ដោតការសង្ស័យ ខណៈកន្លងមកធ្លាប់លេចឮដំណឹងល្ហៀងៗថា អ្នកនាង មាស សុខសោភា មានព័ត៌មាន ត្រៀមវេចបង្វេច ពីទ្រនំចាស់ ថោន ទៅជ្រកក្រោមទ្រនំហង្សមាស ដែលជាទ្រនំដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ប្រមូលផ្ដុំទៅដោយ តារាល្បីៗលំដាប់ប្រទេស។ ផលិតកម្ម រស្មីហង្សមាស ត្រុវបានទស្សនិកជនទទួលស្គាល់ជាទូទៅថា ជា ផលិតកម្មដ៏ធំមួយ បានផលិតបទចម្រៀង ក៏ដូចជាខ្សែភាពយន្ត មានគុណភាព និងទទួលបានការគាំទ្រ រាប់ឆ្នាំមកហើយ  ប៉ុន្តែអ្វីដែលជាការអល់ឯករបស់ អ្នកនាង មាស សុខសោភា ក្នុងចូលជ្រកនោះ គឺនាងមិនអាចទៅចោលបងប្រុស របស់នាង គឺលោក មាស សុខរតនៈ ដែលកំពុងនៅក្នុង ទ្រនំផលិតកម្មថោនបានទេ ព្រោះបើទៅម្នាក់ឯង គ្មានបងប្រុសទៅជាមួយ គឺមិនអាចទេ។

យ៉ាងណាមិញ ពាក់ព័ន្ធជាមួយនឹងរូបភាព បង្ហាញភាពស្និទ្ធស្នាលខ្លាំង ពីសំណាក់អ្នកនាង មាស សុខសោភា និងកំពូលតារាចម្រៀង នៅក្នុងផលិតកម្មហង្សមាស ក៏ធ្វើឲ្យមហាជន កាន់តែសង្ស័យខ្លាំងឡើងៗ បន្ថែមទៀតថា អ្នកនាង មាស សុខសោភា ប្រហែលជានឹងអាចចូលមក ក្នុងទ្រនំហង្សមាស ជាក់ជាមិនខាន ឬអាចដើមឆ្នាំ២០១៩នេះផង ក៏មិនដឹង។ តែទោះជាយ៉ាងណា មហាជន បានកត់សម្គាល់ឃើញថា ប្រសិនបើអ្នកនាង មាស សុខសោភា ផ្លាស់ប្ដូរមកទ្រនំហង្សមាសមែន គេនឹងរំពឹងថា កេរ្តិ៍ឈ្មោះរបស់នាង នឹងកាន់តែមានភាពល្បីល្បាញ ខ្លាំងជាមុនទៅទៀត។ ជាក់ស្ដែង ដូចជាលោក ខេមរៈ សិរីមន្ដ ដែលបាន​ចាកចេញ ពីផលិតកម្មសាន់ដេ ចូលមកហង្សមាស គេសង្កេតឃើញថា បទចម្រៀងរបស់លោក សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំង ពេលចេញលក់នៅលើទីផ្សារម្ដងៗ៕