(ភ្នំពេញ)៖​ គ្រូបង្វឹកកីឡារាំជម្រើសជាតិកម្ពុជាលោក ស៊ូវ តុង បានចាត់ទុកការចូលរួមប្រកួតកីឡារាំជ្រើសរើសជើងឯកអាស៊ី នៅទីក្រុងហុងកុង គឺជាមោទនភាពរបស់គ្រួសារកីឡារាំកម្ពុជា ដែលបានចូលរួមក្នុងព្រឹត្តិការណ៍អន្ដរជាតិលើកដំបូង ក្នុងនាមតំណាងកីឡារាំកម្ពុជា ។ ការថ្លែងបែបនេះ គឺមុនពេលលោក និងកីឡាករ-កីឡាការិនីជម្រើសជាតិកីឡារាំកម្ពុជា ៩នាក់ ចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ។

បុរសដ៏មានបទពិសោធន៍រូបនេះ បានលើកឡើងថា «នេះគឺជាលើកដំបូង ដែលយើងបានចូលរួមប្រកួតកីឡារាំកម្រិតអាស៊ី ហើយវាមានកិត្តិយសណាស់ ដែលយើងបានចូលរួនក្នុងនាមតំណាងស្រុកខ្មែរ និងមានមោទនៈភាព ចំពោះកូនសិស្សក្នុងសម័យនេះ ដែលបានចូលរួមប្រកួតអន្ដរជាតិ បន្ទាប់ពីពួកគាត់បានព្យាយាម និងខិតខំប្រឹងប្រែងអស់រយៈពេលជាយូកន្លងមក» ។ លោកថា ដោយសារនេះជាលើកទី១ លោកមិនទាន់សង្ឃឹមខ្ពស់ក្នុងការដណ្ដើមមេដាយទេ តែលោកនឹងជំរុញកូនក្រុមធ្វើឲ្យបានល្អ ដើម្បីនាំមកនូវកិត្តិយសជូនជាតិ។

លោក ស៊ូវ តុង បន្ដថា «ខ្ញុំមានក្ដីបារម្ភតិចតួច សម្រាប់បេសកកម្មលើកដំបូងនេះ ព្រោះពួកគាត់អត់ធ្លាប់បានចេញទៅប្រកួតនៅក្រៅ ចឹងយើងបារម្ភខ្លាចអត់ផ្ស៉ាំនឹងម្ហូបអាហារ ឬធាតុអាកាស ឬកន្លែងស្នាក់។ រីវិញ្ញាសាផ្សេងៗ គឺយើងបានត្រៀមខ្លួនរួចរាល់ ដើម្បីប្រកួតប្រជែង ដោយគោរពតាមបទបញ្ជារបស់សហព័ន្ធអន្ដរជាតិ» បន្ថែមលើនេះ សហព័ន្ធក៏មានគម្រោង​បញ្ជូនអត្តពលិកចូលរួមប្រកួតអន្ដរជាតិ ២ព្រឹត្តិការណ៍ផ្សេងទៀត នៅចុងឆ្នាំនេះ ដើម្បីដកស្រង់បទពិសោធន៍ និងពង្រឹងសមត្ថភាពបន្ថែម ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នៅហ្វីលីពីន នាឆ្នាំ២០១៩ផងដែរ។

សូមបញ្ជាក់ថា បេសកកម្មចូលរួមប្រកួតជើងឯកអាស៊ី នៅហុងកុង គឺមានរយៈពេល ៤ថ្ងៃ បើគិតចាប់ពីថ្ងៃចេញដំណើរ គឺចាប់ពីថ្ងៃទី១៣-១៦ ខែកញ្ញា ក្នុងនោះសមាសភាពកីឡាករ-កីឡាការិនីកម្ពុជា រួមមានកីឡាករ ច័ន្ទ វ៊ិចទ័រ, ម៉ូវ ដាវីន, សេង សុខគីម និងកីឡាករ ភុន ស៊ីវុត្រា ។ រីឯកីឡាការិនី គឺកញ្ញា  ព្រាប ដានីឡា, សាន រូស្សា, យី អ៊ីលីង, ហ៊ាន លក្ម្សី និងកីឡាការិនី ម៉ូវ ដានីតា ដែលត្រូវប្រកួតលើ ២វិញ្ញាសា គឺវិញ្ញាសាឯកឧត្តជន និងវិញ្ញាសាចម្រុះជាក្រុម៕