(ភ្នំពេញ)៖ រឿង «មន្តស្នេហ៍អនុសេនីយ៍» មានតួឯក គឺកញ្ញា យែម ស្រីពេជ្រ និងលោក សៀង រតនៈ ដែលកំពុងតែធ្វើការថត និងគ្រោងនឹងចាក់បញ្ចាំង ក្នុងពេលឆាប់ៗនេះ របស់ស្ថានីយទូរទស្សន៍ កងយុទ្ធពលខេមរៈភូមិន្ទ ប៉ុស្តិ៍លេខ៥ ដោយរឿងនេះ មានការចូលរួមសម្ដែង ពីសំណាក់ តារាល្បីៗ និងស្រស់សង្ហា សុទ្ធសឹងតែជាតួអង្គសំខាន់ នៅក្នុងរឿង។ កំឡោះសង្ហា ទាំង៥នាក់នោះ រួមមានដូចជា លោក សៀង រតនៈ ជាតួឯក ,លោក ឈុន ណារ៉ា, លោក វិ សាល, លោក Kim Minyun និង លោក Tommy ដែលបានដើរតួជាពលទាហាន ក្នុងរឿង «មន្តស្នេហ៍អនុសេនីយ៍»។

១. លោក សៀង រតនៈ ជាតួឯក ក្នុងរឿង «មន្តស្នេហ៍អនុសេនីយ៍» មានឈ្មោះក្នុងរឿងថា មង្គល សោភ័ណ្ឌ ។ លោកបានប្រឡូក ចូលក្នុងសិល្បៈ ក្នុងឆ្នាំ ២០១៤ តាមរយៈកម្មវិធីប្រឡង Freshie Cambodia ជំនាន់ទី១៣ ដោយទទួលបានជ័យលាភីលេខ១។ យ៉ាងណាមិញ ក្រៅពីការងារសិល្បៈ លោក សៀង រតនៈ ជានិស្សិតឆ្នាំទី៣ នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប៉ុន្តែដោយសារតែមមាញឹកក្នុងវិស័យ សិល្បៈខ្លាំងពេក តារាសម្ដែងរូបនេះ ក៏បានផ្អាកពីការសិក្សាមួយរយៈសិន។ ដោយឡែកបើងាកមកចាប់អារម្មណ៍ ជាមួយនឹងការងារសិល្បៈ លោកហាក់កំពុងតែមានសន្ទុះ ការងារសិល្បៈខ្លាំង គួរឲ្យកត់សម្គាល់ ខណៈទើបប្រឡូកចូលក្នុងសិល្បៈ បានប៉ុន្មានឆ្នាំតែប៉ុណ្ណោះ តែតារាដួងនេះ អាចក្ដាប់បានតំណែងជាតួឯក ជាបន្តបន្ទាប់។

២. លោក វិ សាល សម្ដែងជាតួអង្គ ពលទាហានក្នុងរឿង «មន្តស្នេហ៍អនុសេនីយ៍» ដោយលោកបានប្រឡូកចូលក្នុងវិស័យសិល្បៈ រយៈពេល២ឆ្នាំមកហើយ តាមរយៈកម្មវិធីប្រឡង freshie Cambodia ជំនាន់ទី ១៦ ក្នុងឆ្នាំ២០១៧ ទោះបីជាមិនបានទទួលជ័យលាភី តែលោកក៏បានស្ថិតក្នុងចំណោម បេក្ខជន៦នាក់។ យ៉ាងណាមិញ លោកកំពុងតែបន្តការសិក្សា នៅសាកលវិទ្យាល័យ ភូមិន្ទកសិកម្មចំការដូង ឆ្នាំទី៤ បើទោះបីជាលោក មមាញឹកជាមួយនឹងការងារសិល្បៈក៏ដោយ។ ដោយឡែកបើងាកមកចាប់អារម្មណ៍ ជាមួយនឹងការងាសិល្បៈ របស់តារាដែលទើប​នឹងរះរូបនេះវិញ ជាតារាសម្ដែងប្រុសមួយដួង ដែលកំពុងតែមានទីផ្សារ​ការងារសិល្បៈខ្ពស់ ខណៈទើបប្រឡូកចូលក្នុងសិល្បៈ បានរយៈពេល២ឆ្នាំប៉ុណ្ណោះ តែលោកមានឱកាស បានសម្ដែងរឿងរហូតដល់ទៅ ៧រឿងឯណោះ។

៣. លោក ឈុន ណារ៉ា សម្ដែងជាតួទាហាន ឈ្មោះ ថង ដែលត្រូវជាមិត្តជិតស្និទ្ធនឹងតួឯកប្រុស។ លោក បានប្រឡូកចូលក្នុងវិស័យសិល្បៈ ក្នុងឆ្នាំ ២០១៣ តាមរយៈកម្មវិធី Khmer Super Model ទទួលបានចំណាត់ថ្នាក់លេខ៣  តែលោកបានផ្អាកពីសិល្បៈ មួយរយៈពេល ហើយមួយរយៈចុងក្រោយមក លោកបានប្រឡូកចូលសិល្បៈសារជាថ្មី ដែលធ្វើឲ្យទស្សនិកជន ស្គាល់លោកកាន់តែច្បាស់ តាមរយៈរឿង «សម្បត្តិបុរស»។ យ៉ាងណាមិញ លោក ឈុន ណារ៉ា សព្វថ្ងៃក្រៅពីការងារសិល្បៈ លោកបានបន្តការសិក្សា នៅសាកលវិទ្យាល័យ ផ្នែកគ្រប់គ្រងឆ្នាំទី៤ ។ ដោយឡែក ចំពោះការងាសិល្បៈ តារាប្រុសដួងនេះ ហាក់មានសន្ទុះ និងមានប្រជាប្រិយភាពខ្លាំង ខណៈតាំងពីចូលសិល្បៈ មកដល់ពេលបច្ចុប្បន្ននេះ លោកបានថតខ្សែភាពយន្តចំនួង ៦រឿងមកហើយ។

៤. លោក Kim Minyun នៅក្នុងរឿង «មន្តស្នេហ៍អនុសេនីយ៍» លោកសម្ដែងជាតួអង្គពលទាហាន មានឈ្មោះថា ម្ចាស់បងតុលា។ ពាក់ព័ន្ធជាមួយនឹងការសិក្សា លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកអក្សរសាស្រ្តអង់គ្លេស។ តារាប្រុសរូបនេះ ប្រឡូកចូលក្នុងវិស័យសិល្បៈ នៅក្នុងឆ្នាំ ២០១២ បានថតខ្សែភាពយន្តចំនួន ២រឿងមកហើយ ដែលរឿងទី១ គឺរឿង «ទណ្ឌកម្មស្នេហ៍»  សម្ដែងជាតួរង និងរឿងទី២ គឺ «រឿងមន្តស្នេហ៍អនុសេនីយ៍»  សម្ដែងជាតួរងដូចគ្នា។ យ៉ាងណាមិញ លោក ក៏ជាតារាមួយដួង ដែលមានប្រជាប្រិយភាពខ្លាំង គួរសមដែរ ក្នុងវិស័យសិល្បៈ។

៥. លោក Tommy ជាមេក្រុមពលទាហាន  សម្ដែងនៅក្នុងរឿង «មន្តស្នេហ៍អនុសេនីយ៍»។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកជំនួញ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជំនាញអក្សរសាស្រ្តអង់គ្លេស នៅ សាលា ACE ។ កំឡោះសង្ហាររូបនេះ បានចូលប្រឡូកក្នុងវិស័យសិល្បៈ នៅក្នុងឆ្នាំ២០១១ តាមរយៈកម្មវិធីប្រឡង Freshie Cambodia ជំនាន់ទី១២ ហើយបានទទួលជ័យលាភីលេខ២។ យ៉ាងណាមិញ ចំពោះការងារសិល្បៈរបស់លោក ហាក់មានសន្ទុះការងារសិល្បៈ ខ្លាំងគួរសម​ដែរ ខណៈដែលចាប់តាំងពី ចូលប្រឡូកក្នុងសិល្បៈ មកដល់ពេលបច្ចុប្បន្ន លោកបានថតនៅក្នុងខ្សែភាពយន្ត ប្រមាណជិត ២០ រឿងឯណោះ ហើយបានគ្រងតំណែងជាតួឯក ក៏ច្រើនគួរសមដែរ។

គួរបញ្ជាក់ថា បើទោះបីជាទើបប្រឡួកចូលក្នុងសិល្បៈ ប៉ុន្តែតារាប្រុសទាំង ៥ដួងខាងលើនេះ សុទ្ធសឹងតែជាតារាកំពុង​តែទទួលបានការចាប់អារម្មណ៍ ក៏ដូចជាមានប្រជាប្រិយភាព គួរសម៕