(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា នឹងបន្ដការប្រកួតសន្សំពិន្ទុ នាចុងសប្ដាហ៍នេះ ក្រោយសម្រាករយៈពេល ២សប្ដាហ៍ ដោយសារការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២ និងការប្រមូលផ្ដុំហ្វឹកហាត់ និងប្រកួតមិត្តភាពអន្ដរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី កាលពីដើមសប្ដាហ៍កន្លងទៅ។

សម្រាប់វិលមកកាន់ការប្រកួតសន្សំពិន្ទុនេះ គឺជាសប្ដាហ៍ទី២០ ហើយ ខណៈកម្មវិធីប្រកួតរួមមានថ្ងៃទី១៥ ខែកញ្ញា៖ ក្រុមណាហ្គាវើល ប៉ះក្រសួងការពារជាតិ និងវិសាខា ជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) នៅកីឡដ្ឋានស្ដាតចាស់ និងក្រុមព្រះខ័នរាជស្វាយរៀង បើកទ្វារផ្ទះក្រុមសូលទីឡូអង្គរ នៅកីឡដ្ឋានខេត្តស្វាយរៀង។ ថ្ងៃទី១៦ ខែកញ្ញា គឺមានក្រុមវេស្ទើន បើកទ្វារផ្ទះទទួលក្រុមអង្គរថាយហ្គឺរ, ក្រុមអាស៊ីអឺរ៉ុប ជួបភ្នំពេញក្រោន និងបឹងកេត ជួបអគ្គិសនីកម្ពុជា នៅពហុកីឡដ្ឋានជាតិដូចគ្នា។

ជាមួយនឹងកម្មវិធីប្រកួតខាងលើ អ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងជាងគេ ចំពោះជំនួបរវាងណាហ្គាវើល និងក្រសួងការពារជាតិ ត្បិតក្រុមទាំងពីរ ទើបជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានសម្ដេចតេជោ ហ៊ុន សែន ហើយក្រសួងការពារជាតិ បានប្រើពេល ១២០នាទី ដើម្បីវាយបកឈ្នះណាហ្គាវើល ៣-១ ឡើងវគ្គផ្ដាច់ព្រ័ត្រ។ ដូច្នេះចាំមើល តើជំនួបជើងទី២ ក្នុងលីគចុងសប្ដាហ៍នេះ ណាហ្គាវើល ឬក្រសួងការពារជាតិ នឹងទទួលបាន ៣ពិន្ទុ ខណៈកាលពីជួបគ្នាជើងទី១ ណាហ្គាវើល បានទទួលជ័យជម្នះក្រៅដី ២-០ ឯណោះ។

ដោយឡែកចំពោះលទ្ធផល នៃតារាងពិន្ទុបណ្ដោះអាសន្នវិញ ពេលននេះក្រុមណាហ្គាវើល កំពុងឈរកំពូលតារាងមាន ៤៧ពិន្ទុ តាមពីក្រោយដោយក្រុមការពារតំណែងជើងឯកបឹងកេតឈរលេខ២ មាន ៤៥ពិន្ទុ និងក្រុមវិសាខា ឈរលេខ៣ មាន ៤២ពិន្ទុ ដែល ៣ក្រុមនេះ សុទ្ធតែមានឱកាសប្រជែងជើងឯក គ្រាដែលក្រុមក្រសួងការពារជាតិឈរលេខរៀងទី៤ មាន ៣៩ពិន្ទុ។ ឯក្រុមឈរបាត់តារាងត្រូវកាត់ចេញ គឺក្រុមវេស្ទើន ដែលឈរលេខរៀងទី១២ ទើបរកបាន ១ពិន្ទុប៉ុណ្ណោះក្នុងចំណោម ១៩ប្រកួត៕