(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា បានរកឃើញយុវជនក្រោមអាយុ ១៧ឆ្នាំ (U17) ចំនួន ៣៦នាក់ហើយ បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ដសមត្ថភាពជម្រុះក្នុងចំណោមយុវជនជាង ៣០០នាក់ នៅកីឡដ្ឋានរបស់ខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅ។ ដំណើរការបន្ទាប់ ក្លឹបនឹងបន្ដចម្រាញ់ដំណាក់កាលចុងក្រោយ ដោយទុកត្រឹម ២៥នាក់ប៉ុណ្ណោះ សម្រាប់បណ្ដុះបណ្ដាលក្នុងនាមក្រុមថ្នាលយុវជន U17 ផ្លូវការរបស់ខ្លួន។

ជាមួយនឹងការបើកយុទ្ធនាការជ្រើសរើសយុវជនក្រោមអាយុ ១៧ឆ្នាំលើកដំបូង ដើម្បីបង្កើតក្រុមថ្នាលនេះ ក្រុមកំពុងឈរលេខរៀងទី៣ នៃលីគកំពូលកម្ពុជា វិសាខា បានទទួលយុវជនជាង ៣០០នាក់ចូលរួមធ្វើតេស្ដសមត្ថភាព ហើយក្លឹបបានបែងចែកការធ្វើតេស្ដជា ៣ដំណាក់កាល ទី១ គឺជម្រុះពីជាង ៣០០នាក់ទុក ៥២នាក់ ហើយទី២ ជម្រុះពី ៥២នាក់ទុក ៣៦នាក់ និងដំណាក់កាលចុងក្រោយជម្រុះពី ៣៦នាក់ទុក ២៥នាក់។

មន្ដ្រីថ្នាក់ដឹកនាំរបស់ក្លឹបទើបឡើងមកពីលីគទី២ ក្នុងឆ្នាំ២០១៨ ដដែលបន្ដថា សម្រាប់ដំណាក់កាលចុងក្រោយ ក្លឹបត្រូវការពេលវេលាប្រហែល ១សប្ដាហ៍ ដើម្បីធ្វើតេស្ដ និងតាមដានរាល់សកម្មភាព ក៏ដូចជាឆន្ទៈរបស់កីឡាករម្នាក់ៗ មុនធ្វើការសម្រេចចិត្តចម្រាញ់យកយុវជន ២៥នាក់ចុងក្រោយ។ តែក្នុងឱកាសនេះ ក្លឹបក៏បានរៀបចំកន្លែងស្នាក់នៅ និងការហូបចុកដល់យុវជនមកពីតាមបណ្ដាខេត្តផងដែរ។ រីលទ្ធផលតាមគម្រោង ក្លឹបនឹងធ្វើការសម្រេច ក៏ដូចជាប្រកាសនៅចុងសប្ដាហ៍នេះ។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូង ដែលក្លឹបវិសាខា បានប្រកាសជ្រើសរើសយុវជន U17 ដើម្បីបង្កើតក្រុមថ្នាល បន្ទាប់ពីក្លឹបក្មេងខ្ចីមួយនេះ បានអភិវឌ្ឍន៍ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ខ្លួន ជាក់ស្ដែងកីឡដ្ឋានស្ថិតនៅហ្គ្រែនភ្នំពេញ ដែលកំពុងសាងសង់ជិតរួចរាល់ និងគ្រោងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខ។

ដូច្នេះទើបក្លឹបចាប់ផ្ដើមបង្កើតក្រុមថ្នាល ដើម្បីស្វែងរកកីឡាករថ្មីត្រៀមបន្ដវេនរាមច្បង ពេលពួកគេចូលនិវត្តន៍ ក៏ដូចជាការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ៕