(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ បានបើក​វគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពី «រដ្ឋបាលកីឡា» សម្រាប់ថ្នាក់ដឹកនាំកីឡា និងគ្រូកីឡា នៅខេត្តមណ្ឌលគិរី ដោយមានសិក្ខាកាមសរុប ២៤នាក់ ក្នុងនោះមានស្ដ្រី ២នាក់ចូលរួម។

ជាមួយនឹងពិធីបើកវគ្គសិក្សាសាមគ្គីអូឡាំពិកនេះ គឺធ្វើឡើងក្រោមវត្តមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង​ជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ហើយលោកក៏ជាគ្រូឧទ្ទេសទី១ សម្រាប់វគ្គនេះផងដែរ ដោយលោក​បង្រៀន​មេរៀនស្ដីពី ប្រវត្តិចលនាអូឡាំពិក និងរចនាសម្ព័ន្ធ, អង្គការសាមគ្គីអូឡាំពិក, ទីផ្សារ និងកីឡា, ផែនការ​ធ្វើដំណើររបស់ប្រតិភូ, ផែនការកម្មវិធីហ្វឹកហាត់កីឡា និងភាពជាអ្នកដឹកនាំជាដើម។

បន្ថែមលើនេះ ក៏មានវាគ្មិនល្បីៗចំនួន ៣រូបទៀត ត្រូវចូលចែករំលែកចំណេះដឹងតាមរយៈវគ្គបណ្ដុះបណ្ដាលនេះដែរ រួម​មានលោកវេជ្ជបណ្ឌិត ស្ដើង ជា ប្រធានអនុគណៈកម្មការវេជ្ជសាស្ដ្រអម NOCC, លោក កែវ សារ៉េត អគ្គ​លេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ដើម្បី​ជំរុញសិក្ខាកាមក្នុងខេត្តជាយដែនមួយនេះ យល់ដឹងពីរបៀបអភិវឌ្ឍន៍វិស័យកីឡាឲ្យកាន់តែរីកចម្រើន និង​ដឹកនាំវិស័យកីឡាឆ្ពោះទៅរកលទ្ធផលល្អប្រសើរបន្ថែមទៀត។

គួរបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិក ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអង្គការសាមគ្គីអូឡាំពិកអន្ដរជាតិនេះ គឺគ្រោងបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញាចុងសប្ដាហ៍នេះ៕