(ភ្នំពេញ)៖ តារាកំប្លែងប្រុសមានមាឌល្អិត តែសម្ដីធំ លោក ទេស សុជន ហៅនាយ ក្រិន ត្រូវបាន​មហាជនស្គាល់យ៉ាងច្បាស់ តាមរយៈការលេចមុខ នៅតាមកញ្ចក់ទូរទស្សន៍នានា ដោយក្នុងនោះរួមអាជីព ជាមួយនឹងតារាកំប្លែងនាយកុយ ហើយក៏ទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជនផងដែរ។ ដោយឡែក បើងាកមកជីវិតឯកជនវិញ គេសម្គាល់ឃើញថា នាយក្រិន ហាក់មានសុភមង្គលពេញដៃ ជាពិសេសក្រោយពេលបានរួមរស់ ជាមួយនឹងប្រពន្ធទី២ របស់លោក រហូតទទួលបានចំណងដៃ កូនប្រុសស្រីជាច្រើន។ អ្វីដែលកាន់តែធ្វើឲ្យឪពុករូបនេះ សប្បាយរីករាយទៅទៀតនោះ គឺនាថ្ងៃទី ១១ ខែកញ្ញា យប់មិញនេះ ភរិយារបស់លោក បានសម្រាលកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ដែលមានមុខមាត់ដូចជានាយក្រិនតែម្ដង។

បើតាមប្រភពជិតស្និទ្ធនឹងតារាកំប្លែង នាយ ក្រិន បានបង្ហើបថា កូនស្រីរបស់នាយក្រិន មានឈ្មោះថា សុគន្ធ បញ្ញា ដោយ​សម្រាលនៅមន្ទីរពេទ្យឯកជនមួយ ក្នុងរាជធានីភ្នំពេញ កាលពីម៉ោង៨យប់មិញនេះ។ ប្រភពដដែលបានបន្តថា បើគិត​ទាំងកូនទើបតែនឹងកើតនេះ នាយក្រិន មានកូនទាំងអស់ ៤ នាក់ ប្រុស ​២ ស្រី ២ ដោយក្នុងនោះ មានកូនប្រុស​របស់ប្រពន្ធដើម១នាក់ ហើយបច្ចុប្បន្នកំពុងរស់នៅ ជាមួយម្ដាយរបស់ខ្លួន នៅឯខេត្តព្រះសីហនុ។

សូមជម្រាបថា នាយ ក្រិន បានសាងគ្រួសារជាមួយភរិយាថ្មី អស់រយៈពេលជាង ៥ឆ្នាំមកហើយ ក្រោយពេល​លែងលះជាមួយប្រពន្ធដើមហើយនេះជាកូនទី៣ផងដែរ។​