(ភ្នំពេញ)៖ ក្រោយពេល ​ដែលលទ្ធផលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ បានប្រកាសចេញជាផ្លូវការ កាលពីថ្ងៃទី០៩ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ មានបេក្ខជន-បេក្ខនារីខ្លះ ក៏ត្រេកអរដោយសារទទួលបានជោគជ័យ រីឯខ្លះទៀត​បានសម្រក់ទឹកភ្នែក និងសោកស្តាយដែល​មិនបានទទួលជោគជ័យ ពោលគឺប្រឡងធ្លាក់បាក់ឌុបតែម្ដង។ យ៉ាងណាមិញ ដើម្បីជាការលើកទឹកចិត្ត និងផ្ដល់ក្ដីសង្ឃឹម ដល់អ្នកដែលប្រឡងធ្លាក់បាក់ឌុបឆ្នាំនេះ អតីតបេក្ខនារី ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក «The Voice Cambodia» រដូវកាលពី២ របស់ស្ថានីយទូរទស្សន៍ ហស្សមាស កញ្ញា ឈិន រតនៈ បានចេញនូវបទចម្រៀងថ្មី មានចំណងជើងថា ​«រំកិលភ្នំ» កំពុងតែទទួលបាន ការចាប់អារម្មណ៍ខ្លាំង។

ជាការពិតណាស់ បទចម្រៀងដែលមានចំណងជើងថា «រំកិលភ្នំ» មានអត្ថន័យយ៉ាងជ្រៀលជ្រៅ លើកទឹកចិត្តដល់អ្នកប្រឡងធ្លាក់បាក់ឌុប កុំឲ្យអស់សង្ឃឹម និងកុំបាក់ទឹកចិត្ត ដរាបណាផែនដី មិនទាន់រលាយ គឺយើងទាំងអស់គ្នានៅតែមានសង្ឃឹម។ យ៉ាងណាមិញ បទចម្រៀងមួយបទនេះ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ ប្រិយមិត្តទស្សនិកជន ខណៈបទនេះចេញមិនទាន់បានប៉ុន្មានម៉ោងផង មានអ្នកចូលទស្សនាយ៉ាងច្រើន គួរឲ្យកត់សម្គាល់។

គួរបញ្ជាក់ថា កញ្ញា ឈិន រតនៈ ជាតារាចម្រៀងស្រីមួយដួង ដែលមានប្រជាប្រិយភាព នៅក្នុងវិស័យសិល្បៈ ខណៈបទចម្រៀងនីមួយៗរបស់ស្រីស្រស់រូបនេះ សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសមិត្តយុវវ័យតែម្ដង៕